ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាប្តីដែលបានកាប់ប្រពន្ធជាច្រើនកាំបិត បណ្តាលឱ្យរបួសធ្ងន់ធ្ងរ ដោយសារតែសុំផ្សះផ្សាគ្នាវិញ តែប្រពន្ធមិនព្រម ក្រោយពីលែងលះគ្នាបាន១០ថ្ងៃ ព្រោះតែបុរសជាបាននាំស្រីមកដេកលើផ្ទះជាច្រើនដង ក្រោយពីបង្កហេតុរួច ក៏ព្យាយាមរត់គេចខ្លួន ពេលនេះត្រូវសមត្ថកិច្ចចាប់បានហើយកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិសាសាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ។
បើតាមលោកវរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថា ជនសង្ស័យខាងលើមានឈ្មោះ ហាន តៃ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិសាសាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ចំណែកស្ត្រីរងគ្រោះឈ្មោះ ឃាង ឆវី ភេទស្រី អាយុ៤៨ឆ្នាំ។
លោកបានបញ្ជាក់ថា កាលពី១១ ខែកញ្ញា ស្ថិតភូមិសាសាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ មានករណីជនសង្ស័យម្នាក់បានកាប់ទៅស្ត្រីម្នាក់ជាប្រពន្ធ បណ្តាលរបួសធ្ងន់ ហើយត្រូវបានសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនបង្គលបូរី។
លោកបានបញ្ជាក់ថា ក្រោយមានករណីជនសង្ស័យកាប់ស្ត្រីរងគ្រោះ បណ្តាលរបួសធ្ងន់ហើយជាការណែនាំពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិជ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់វិធានការណ៍ដល់កម្លាំងមគរបាលអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រាវជ្រាវ រហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យដែលជាជនដៃដល់បាន។
លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាកាប់ទៅលើអតីតប្រពន្ធ ដែលទើបលែងលះគ្នាបានជាង១០ថ្ងៃនោះពិតប្រាកដមែន ដោយសារតែគំនុំខឹងប្រពន្ធលែងលះ ហើយឱ្យម៉ូតូ១គ្រឿង លុយ១ម៉ឺនបាត រីឯប្រពន្ធវិញ បានយកផ្ទះ និងកូនប្រុស៣នាក់ រួចដេញខ្លួនចេញពីផ្ទះទៀត ។ លុះថ្ងៃនៅកើតហេតុ រូបគេឃើញប្រពន្ធដើរផឹកស៊ីជាមិត្តភក្តីស្រី ក៏ខឹង និងរត់ចាំកាប់នៅខាងមុខផ្ទះ ខណៈពេលដែលមិត្តភក្តិស្រីជូនអតីតប្រពន្ធរបស់ខ្លួនមកដល់ផ្ទះ។ ក្រោយពេលកាប់រួច រួចគេរត់គេចខ្លួនតែម្តង តែក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព