Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដាំ​កូន​ឈើ​​១៥០០ដើម​​ក្នុង​បរិវេណប្រាសាទ​បន្ទាយក្តី​

ខេត្តសៀមរាប​ ៖ ​នា​ថ្ងៃ​ទី​១៣ ​ខែកញ្ញា​ ឆ្នាំ​២០២០​នេះ កូន​ឈើ​ប្រភេទ គ្រ​ញូ​ង ធ្នង់ បេង នាងនួន ឈើទាល ស្រឡៅ ពពេល និងសុ​ក្រម សរុប​ចំនួន​១៥០០​ដើម ត្រូវ​បាន​នាំ​យក​ទៅ​ដាំ​នៅ​រមណីយដ្ឋាន​អង្គរ​ក្នុង​បរិវេណ​ប្រាសាទបន្ទាយក្តី ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ដោយ​មាន​សមាសភាព​ចូលរួម​ដាំ​ច​នួន​ជាង​៦០០ នាក់ ព្រះសង្ឃ ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​អនុប្រធាន​អង្គភាព​មន្ទីរ​ស្ថាប័ន​ក្នុង​ខេត្ត មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ប្រធាន និង​បុ​គ្គ​លិ​ក​ធនាគារ ក្រុម​មេធាវី​ជួយ​ការងារ​ច្បាប់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ​។

ក្នុង​នោះ​ដែរ លោក ឡុ​ង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើក​ឡើង​ថា ការ​ដាំ​កូន​ឈើ​នៅ​ក្នុង​ឧទ្យាន​នេះ ជា​ប្រយោជន៍​សម្រាប់​ការ​រស់នៅ​និង​ការ​អភិរក្ស​ប្រាង្គ​ប្រាសាទ រួម​ទាំង​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​និង​បង្កើត​គម្រប​បៃតង​ដល់​បរិស្ថាន​ក្នុង​តំបន់​អ​អ្គរ ផង​ដែរ ព្រោះ​ថា ដើមឈើ និង​ព្រៃឈើ​បាន​ដើរតួ​នាទី​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូ​-​ឡូ​ស៊ី ជួយ​កាត់​បន្ថយឥទ្ធិពល​អវិជ្ជមាន នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដូច​ជា​ទឹកជំនន់ ខ្យល់ព្យុះ និង​ការ​ស្រូប​យក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស​។

ក្នុង​ឱកាស​នោះ ដែរ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍​ថា ការ​ដាំ​ដើមឈើ​ពិត​មាន​អត្ថន័យ​សម្រាប់​ចលនា​បំផុសស្មារតី​ប្រជាពលរដ្ឋ​យើង ឱ្យ​ចេះ​ស្រឡាញ់ និង​ការពារ​ព្រៃឈើ ព្រមទាំង​ជួយ​លើក​ស្ទួយ​បរិស្ថាន​សង្គម និង បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​មនុស្ស​ក្នុង​ការ​ស្តារ​ព្រៃឈើ​ឡើង​វិញ ។​

លោក​បន្ត​ថា​តាម​រយៈ ការ​ជួយ​ធ្វើ​និយ័ត​កម្ម​អាកាសធាតុ ជួយ​កាត់​បន្ថយឥទ្ធិពល​អវិជ្ជមាន នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដូច​ជា​ទឹកជំនន់ ខ្យល់ព្យុះ ការ​ស្រូប​យក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស និង​ជួយ​គាំពារ​ផ្នែក​បរិស្ថាន ព្រមទាំង​ផ្តល់​នូវ​ផល​អនុ​ផល​ព្រៃឈើ ជា​ច្រើន​អនេក​ដល់ ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ផ្ទាល់​តែ​ម្តង​។​

លោកបន្តទៀត​ថា យើង​ត្រូវ​រួម​សាមគ្គី​គ្នា ដើម្បី​បណ្ដុះ​ឡើង​វិញ នូវ​គំនិត​ស្រឡាញ់​ព្រៃឈើ ថែរក្សា​ការពារ​ព្រៃឈើ និង​ទស្សនៈ​សន្សំ​សំចៃ​ក្នុង ការ​ប្រើប្រាស់​ផល និង​អនុ​ផល​ព្រៃឈើ​គ្រប់​ប្រភេទ ។​លោក​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មេត្តា​រៀបចំ​ផែនការ​សកម្មភាព​ក្នុង ការ​ចូលរួម​ថែរក្សា​ឱ្យ​បាន​ហ្មត់ចត់​ជា​ប្រចាំ ដើម្បី​ធ្វើ​ឱ្យ​កូន​ឈើ​ទាំងនោះ​លូតលាស់ ធំធាត់​ឆាប់រហ័ស និង​ពុំ​បាត់បង់​ទៅ​វិញ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9689451