បារាំង ៖ តាមប្រភពព័ត៌មាន South China Morning Post បានឱ្យដឹងថា រដ្ឋអាជ្ញាបារាំងបាននិយាយនៅថ្ងៃទី១២ ខែកញ្ញានេះថា កីឡាករក្បាច់គុណចម្រុះ (MMA) លោក Conor McGregor ត្រូវបានគេយកទៅសាកសួរនៅប្រទេសបារាំង ពីបទសង្ស័យនៃការប៉ះពាល់ផ្លូវភេទនិងការប៉ុនប៉ងរំលោភផ្លូវភេទ។
ការិយាល័យរដ្ឋអាជ្ញានៅ Bastia នៅលើកោះ Corsica មេឌីទែរ៉ាណេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសជនជាតិអៀរឡង់រូបនេះ ត្រូវបានប៉ូលីសឃុំខ្លួននិងសាកសួរ បន្ទាប់ពីមានបណ្តឹងមួយត្រូវបានទទួលកាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋអាជ្ញាបាននិយាយថា ពួកគេបានបញ្ជាឱ្យមានការស៊ើបអង្កេតបន្ថែមទៀត បន្ទាប់ពីបទសម្ភាសន៍របស់គាត់ហើយ ដែលជាលទ្ធផលនៃព័ត៌មានប្រមូលដោយអ្នកស៊ើបអង្កេត ដោយមិនផ្តល់ព័ត៌មានលម្អិតទេ។
ពួកគេមិនបាននិយាយថា ពេលណាលោក McGregor ត្រូវបានគេឃុំខ្លួនឬថាតើគាត់ត្រូវបានដោះលែងនៅពេលក្រោយនោះទេ។ មេធាវីរបស់ McGregor ត្រូវបានគេដកស្រង់សម្តី ដោយនិយាយថា គាត់ត្រូវបានគេដោះលែង។
កីឡាករដែលធ្លាប់ឡើងប្រកួតជាមួយនឹងជើងខ្លាំង Floyd Mayweather រូបនេះ បានប្រកាសពីបំណងចូលនិវត្តន៍ពីសិល្បៈក្បាច់គុនចម្រុះ នៅក្នុងខែមិថុនា ទោះបីជាគាត់ធ្លាប់បានប្រកាសចូលនិវត្តន៍នៅឆ្នាំ ២០១៦ និង ២០១៨ ក៏ដោយ តែបែរជានៅតែបន្តអាជីពរបស់គាត់ដដែល៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព