នៅសម័យពុទ្ធកាលមានសេដ្ឋីម្នាក់ឈ្មោះអានន្ទសេដ្ឋីជាមនុស្សកំណាញ់ស្វិត មិនដែលដាក់ទានឱ្យអ្នកណាម្តងឡើយ ។ អានន្ទសេដ្ឋីនេះមានកូនប្រុសម្នាក់ឈ្មោះមូលសិរី គាត់បានកប់កំណប់ទ្រព្យទុកនៅក្នុងផ្ទះមានប្រាំកន្លែង មិនឱ្យអ្នកណាដឹងឡើយ ។
ក្រោយមកអានន្ទសេដ្ឋីនោះក៏បានធ្វើមរណកាលទៅកើតក្នុងត្រកូលចណ្ឌាលមានរូបរាងវិកលវិការមិនសមប្រកបជាមនុស្សនឹងគេទេ ហើយក៏មិនបានជាទីពេញចិត្តដល់អ្នកផងទាំងឡាយ ។
តាំងតែពីពេលដែលទារកនោះបានចាប់បដិសន្ធិ រហូតដល់សម្រាលចេញមក ត្រកូលចណ្ឌាលនោះក៏ធ្លាក់ខ្លួនក្រីក្រលំបាកវេទនារកស៊ីធ្វើការអ្វីក៏មិនចម្រើន រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកក្ររហាម ។ ព្រោះតែម្តាយមិនអាចចិញ្ចឹមកូននោះបានទើបបណ្តោយឱ្យកូនដើរទៅសុំទានគេ យកមកចិញ្ចឹមជីវិតទៅតាមសមត្ថភាពដែលអាចរកបាន ។
ដោយសារតែក្មេងប្រុសនោះដឹងជាតិ ថ្ងៃមួយក្មេងនោះបានដើរចូលទៅដល់ផ្ទះមូលសិរីសេដ្ឋី ដែលជាផ្ទះរបស់ខ្លួនកាលពីជាតិមុន ។ គាប់ជួនថ្ងៃនោះដែរ ព្រះបរមសាស្តាមានព្រះអានន្ទជាបច្ឆាសមណៈ ក៏ស្តេចយាងទៅទីនោះទ្រង់ទតព្រះនេត្រឃើញក្មេងនោះហើយ ទ្រង់ត្រាស់ប្រាប់ដល់មូលសិរីសេដ្ឋីថា ក្មេងនេះគឺជាអានន្ទសេដ្ឋីបិតារបស់អ្នកហើយ ។
គ្រានោះមូលសិរីសេដ្ឋីមិនជឿ។ ព្រះសាស្តាទ្រង់ត្រាស់ឱ្យក្មេងនោះប្រាប់កំណប់ទ្រព្យដែលខ្លួនបានកប់ទុកកាលពីជាតិមុន ដើម្បីបញ្ជាក់ឱ្យមូលសិរីសេដ្ឋីជឿ ហើយទ្រង់ត្រាស់នូវព្រះគាថានេះថា ជនពាលតែងក្តៅក្រហល់ក្រហាយថា បុត្រទាំងឡាយរបស់អញមាន ទ្រព្យសម្បត្តិរបស់អញមាន តាមការពិត សូម្បីខ្លួនឯងមិនមែនជារបស់ខ្លួនផង តើបុត្រទាំងឡាយនឹងមានមកពីណា ទ្រព្យនឹងមានមកពីណា ។
លុះចប់ធម៌ទេសនា មូលសិរីសេដ្ឋីនោះក៏បានសម្រេចធម៌តាមឧបនិស្ស័យរបស់ខ្លួន ហើយជឿប្រាកដថា ក្មេងវិកលវិការនេះពិតជាបិតារបស់ខ្លួនកាលពីជាតិមុនមែន ហើយក៏ទទួលចិញ្ចឹមថែរក្សាទុកដូចជាបិតារបស់ខ្លួនតរៀងទៅ ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព