ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកលឿនមិនប្រណីអ្នកដំណើរលើដងផ្លូវ បុកកង់បីឥណ្ឌាដែលកំពុងបើកដោយបុរសម្នាក់ឌុបភ្ញៀវជាមនុស្សស្រីនៅខាងក្រោយ ពេញទំហឹង មិនព្រមឈប់ទេបែរជាបន្ថែមល្បឿនជាន់អូសប្រមាណជាង៥០០ម៉ែត្រ ស្លាប់ទាំង២នាក់យ៉ាងរន្ធត់បំផុត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវហាណូយ លុះដល់ចំណុចកើតហេតុ ក៏បានបុកកង់បីឥណ្ឌា មួយគ្រឿងដែលកំពុងបើកដោយបុរសម្នាក់ ឌុបភ្ញៀវជាមនុស្សស្រីនៅខាងក្រោយ ពេញទំហឹង ហើយភ្លាមៗនោះរថយន្តបង្កខាងលើមិនបានឈប់នោះទេ បែរជាបុកគេហើយជាន់ល្បឿនបន្ថែមអូសប្រមាណជាង៥០០ម៉ែត្រ បណ្តាលឲ្យស្លាប់ទាំងម្ចាស់កង់បី ទាំងភ្ញៀវយ៉ាងរន្ធត់តែម្តង។ ភ្លាមៗអ្នកបើករថយន្តបង្ក ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ និងជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យកវត្ថុតាងរថយន្តបង្ក និងកង់បីឥណ្ឌា រួមទាំងអ្នកបើករថយន្តបង្ក ទៅកាន់ការិយាល័យចារចារណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ សួង សាម