ពិតជាមិនគួរឲ្យជឿមែន! ស្ត្រីម្នាក់ថា ការមិនផឹកទឹកពេញមួយឆ្នាំធ្វើឱ្យនាងមានសុខភាពល្អ
បើតាមអ្នកជំនាញផ្នែកអាហារបំប៉ន Sophie Partik អាយុ ៣៥ឆ្នាំ ធ្លាប់ឈឺសន្លាក់ ហើមភ្នែក អាឡែរហ្សីអាហារ ស្បែកមិនល្អ និងបញ្ហារំលាយអាហារ ប៉ុន្តែការអះអាងថាបញ្ហាទាំងអស់នេះបានបាត់ទៅវិញនៅពេលនាងចាប់ផ្តើមតមទឹក។ នាងមិនផឹកវត្ថុរាវទាំងអស់ ក្នុងរយៈពេល ១៣-១៤ម៉ោងក្នុងមួយថ្ងៃ ហើយនៅពេលដែលនាងឃ្លានទឹក នាងផឹកតែទឹកចេញពីផ្លែឈើនិងបន្លែតែប៉ុណ្ណោះ ។
Partik បាននិយាយថា៖ «ខួរក្បាលរបស់យើងប្រាប់យើងឱ្យផឹកទឹក ។ ខ្ញុំដឹងថា ខ្ញុំមិនទាន់ខ្វះជាតិទឹកនៅឡើយទេ ។ ដំបូង ខ្ញុំពិបាកនឹងតមណាស់ ដល់ពេលក្រោយមកខ្ញុំអាចធ្វើវាបានយ៉ាងស្រួល។ ជំនួសដោយការផឹកទឹក ខ្ញុំមានពេលច្រើនក្នុងការផ្តោតលើរឿងផ្សេងៗទៀត។»
អ្នកជំនាញផ្នែកអាហារបំប៉នដែលបច្ចុប្បន្នរស់នៅកោះបាលី បាននិយាយថា នាងហើមខ្លាំងនៅលើមុខនិងសន្លាក់ក៏ដូចជា ហើមពោះ ប៉ុន្តែគ្រូពេទ្យតែងតែប្រាប់នាងថា មិនមានអ្វីទាស់ខុសនោះទេ ។ បន្ទាប់មកថ្ងៃមួយមិត្តភក្តិបានណែនាំថា នាងគួរតែតមផឹកទឹក ដើម្បីអាចឃើញលទ្ធផលល្អ។
Partik បានបន្ថែមថា៖ «ការផឹកទឹកដប និងទឹកពីក្បាលម៉ាស៊ីន ពិតជាធ្វើឱ្យតម្រងនោមរបស់អ្នកធ្វើការលើស និងបញ្ចោញសារធាតុចិញ្ចឹមទាំងអស់ចេញពីរាងកាយរបស់អ្នក ។ អ្នកមិនត្រូវការទឹក ដើម្បីរក្សាជាតិទឹកទេ ។ វាធ្វើអោយអ្នកមានអារម្មណ៍ហើមពោះ ។ ពេលអ្នកចាប់ផ្តើមតមផឹកទឹក អ្នកនឹងដឹងថា ខ្លួនអ្នកមិនត្រូវការទឹកទេ។»
Partik ដែលមានអ្នកតាមដានជាង ១៧០០០នាក់នៅលើបណ្តាញសង្គម Instagram ក៏បានផ្តល់ដំបូន្មានដល់អ្នកដែលចង់សាកល្បងការតមផឹកទឹក ដើម្បីរៀបចំខ្លួនប្រាណរបស់ពួកគេជាមុនជាមួយការញុំាផ្លែឈើនិងទឹកផ្លែឈើពីរបីថ្ងៃមុនពេលចាប់ផ្តើមសាកល្បង ៕(ដោយ៖ត្នោត)