បើតាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ដង្កូវពិសេសនេះ ដែលអាចស៊ីប្លាស្ទិកបានមានភាពល្បីល្បាញក្នុងឆ្នាំ២០១៧ នៅពេលដែលអ្នកស្រាវជ្រាវបានរកឃើញថា ដង្កូវអាចមានសក្តានុពលក្នុងការជួយដោះស្រាយបញ្ហាបរិស្ថានដ៏ស្មុគស្មាញបំផុតមួយរបស់ពិភពលោក គឺកាកសំណល់ប្លាស្ទិក។ វាមានសម្ថភាពខ្ពស់អាចរំលាយប្លាស្ទិកបានមិនថា ដបជ័រ ឬប្លាស្ទិករឹងៗដែលពិបាករលាយ ។ វាក៏អាចរំលាយបានទាំងអស់ ជាពិសេសប្លាស្ទិកដែលចាល់នៅគំនរសំរាម និងក្នុងសមុទ្រ។
ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រមានការយល់ដឹងកាន់តែច្បាស់ អំពីរបៀបដែលសត្វដង្កូវនេះ អាចរំលាយប្លាស្ទិកបាន ។ ពោលគឺគេឃើញមានបាក់តេរីនៅក្នុងពោះវៀនរបស់ដង្កូវ ដែលធ្វើឱ្យប្លាស្ទិករលាយ ។ ការរកឃើញនេះ ត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Proceedings of Royal Society B កាលពីថ្ងៃអង្គារ ដែលមានប្រសិទ្ធិភាពក្នុងការដោះស្រាយកាកសំណល់ប្លាស្ទិក។
សត្វជាច្រើនត្រូវបានគេគិតថា មានបាក់តេរីប្រភេទនេះ ហើយវាដើរតួយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថានរបស់ពិភពលោក៕(ដោយ៖ត្នោត)