ប្រទេសអង់គ្លេស ៖ ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Mason Greenwood របស់ក្រុមបិសាចក្រហម Manchester United នឹងទទួលបានការតម្លើងប្រាក់ឈ្នួលប្រចាំសប្តាហ៍គុណនឹងពីរ សម្រាប់ការបង្ហាញសមត្ថភាពដ៏លេចធ្លោក្នុងរដូវកាលនេះ។
ខ្សែប្រយុទ្ធអង់គ្លេសវ័យ ១៨ឆ្នាំរូបនេះ រកគ្រាប់បាល់បាន ១៦គ្រាប់ក្នុងរដូវកាលដ៏លេចធ្លោរបស់គេ ហើយរបាយការណ៍ពី Mirror បានឱ្យដឹងថាក្លិប Man United នឹងឈានដល់កិច្ចសន្យាថ្មី ដោយតម្លើងប្រាក់សប្តាហ៍រហូតដល់ ៤ម៉ឺនផោនក្នុងមួយសប្តាហ៍ ដែលមានចំនួនគុណនឹងពីរលើប្រាក់ឈ្នួលបច្ចុប្បន្ន ២៥,០០០ផោនក្នុងមួយសប្តាហ៍។
សូមរំលឹកថា Greenwood ដែលកើតចេញពីយុវជនថ្នាលរបស់ Man United បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ ឆ្នាំកាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅ ដែរធ្វើឱ្យរូបគេអាចទទួលបាន ២៥,០០០ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែក្នុងកិច្ចសន្យានោះបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមានការតម្លើង ថ្លៃនឿយសម្រាប់កីឡាកររូបនេះ ប្រសិនបើគេបង្ហាញទម្រង់លេងបានល្អ និងអាចរកគ្រាប់បាល់ជួយក្រុមទទួលបានជ័យជម្នះ។ ខណៈដែលរូបគេរកបាន ៤គ្រាប់នៅ ៦ប្រកួតចុងក្រោយសម្រាប់ Man United ដែលជាផ្នែកមួយជួយក្រុមមិនស្គាល់បរាជ័យ ១៩ប្រកួតជាប់គ្នា៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព