ខេត្តកំពង់ស្ពឺ ៖ មន្ត្រីរដ្ឋបាលព្រៃឈើ បានបង្ក្រាបគោយន្តដឹកឈើរបស់ឈ្មួញ ដ៏មានឥទ្ធិពលម្នាក់ ធ្វើឱ្យកូនលោកស័ក្តិ៥ ជាអធិការស្រុកថ្ពង ឆេះដុំយ៉ាងខ្លាំង រហូតជិះរថយន្តទៅកាន់កន្លែងរដ្ឋបាលព្រៃឈើត្រពាំងជោរ សុំយកគោយន្តដឹកឈើទៅវិញ។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើមួយរូប បានបញ្ជាក់ថា ក្រោយពីមានកម្លាំងសម្ងាត់រាយការណ៍ជូនទៅលោកប្រធានមន្ទីរកសិកម្មថា មានថៅកែដឹកឈើអារម្នាក់ ដោយថ្លៃពេកបានយកគោយន្តរបស់ខ្លួនទៅចតចោលនៅផ្ទះពលរដ្ឋមួយរូប នៅចំណុចអូរធ្នង់ ឃុំត្រពាំងជោរ ស្រុកឪរ៉ាល់។ ពេលនោះ លោកប្រធានមន្ទីរបានបញ្ជាឱ្យមន្ត្រីមួយរូប សហការជាមួយមន្ត្រីនគរបាលមូលដ្ឋានក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត គឺលោកឧត្តមសេនីយ៍ទោ សម សាមួន។
ប្រភពដដែលបន្តថា នៅពេលដែលមន្ត្រីនគរបាលឃុំត្រពាំងជោរ កំពុងតែបើកគោយន្តយកឈើមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោរ ស្រាប់តែគេឃើញមន្ត្រីនគរបាល៣រូប ជិះរថយន្តមួយគ្រឿងមកសួររកគោយន្តដែលត្រូវចាប់ ហើយនិយាយថា ឈើទាំងនោះជារបស់លោកអធិការទិញយកទៅធ្វើផ្ទះ។
អ្នកដែលនិយាយនោះត្រូវបានស្គាល់ថា គឺជាកូនប្រុសរបស់លោកអធិការនៅស្រុកថ្ពងតែម្តង គឺលោកអនុសេនីយ៍ឯក ហ៊ុន សុខពិសិដ្ឋ។ ការមកនិយាយបែបនេះត្រូវបានមន្ត្រីប្រាប់ថា បើចង់សុំទាល់តែសុំលោកស្នងការ ព្រោះជាបញ្ជារបស់លោកប្រធានមន្ទីរ និងលោកស្នងការ។ ក្រោយពីលឺដូច្នោះ កូនប្រុសរបស់លោកអធិការ និងមន្ត្រីពីររូបទៀត បាននាំគ្នាជិះរថយន្តចេញបាត់ទៅ។ ចំណែកគោយន្តដឹកឈើ ត្រូវបានលោកនាយសង្កាត់រៀបចំទុកដាក់កសាងឯកសារ ដើម្បីរឹបអូសជាសម្បត្តិរដ្ឋ។
បើតាមប្រភពពីមន្ត្រីនគរបាលស្រុកថ្ពងមួយរូប បានបង្ហើបថា លោកអធិការមិនមានសង់ផ្ទះអ្វីទេ ការដែលកូនគាត់ និងមន្ត្រីទៅសុំយកគោយន្តដឹកឈើនោះពីមេព្រៃ គឺគាត់គ្រាន់តែចង់បង្ហាញពីអំណាចរបស់ខ្លួនតែប៉ុណ្ណោះ ព្រោះចង់ឱ្យគេដឹងគេដឹងថា ខ្លួន និងម្ចាស់គោយន្ត គឺជាមិត្តភក្តិនឹងគ្នា ដូច្នេះស្ថាប័នផ្សេងៗកុំចាប់ឱ្យសោះ ប៉ុន្តែទីបំផុតនៅពេលដែលមិនសម្រេចដូចបំណង ធ្វើឱ្យលោក ហ៊ុន សុខពិសិដ្ឋ មានការខឹងសម្បារជាខ្លាំង ហើយនាំគ្នាជិះរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ នគរបាល១៣៣១ ចេញបាត់ទៅ។
មានការលើកឡើងថា តើឈ្មួញឈើឈ្មោះញ៉ាវ នេះ មានអ្វីពិសេសលើសពីពីមិត្តភក្តិ ទើបបានជាគាត់ខ្នះខ្នែងជួយសម្បើមម្ល៉េះ ឬមួយក៏កូនលោកអធិការបានសើមមាត់សើម.កពីឈ្មួញម្នាក់នេះដែរ?
បើនិយាយពីឈ្មួញឈើនេះវិញ ត្រូវបានមហាជនលើកឡើងថា គឺជាឈ្មួញម្នាក់ក្នុងឈ្មួញជាច្រើននាក់ដែលរកស៊ីដឹកឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បើកកាត់ចម្ការអំពៅចេញយកទៅលក់តាមដេប៉ូឈើនានានៅស្រុកថ្ពង និងស្រុកឧដុង្គ។ ឈ្មួញរូបនេះហាក់បីដូចជាមានសំណាងគេចផុតពីការបង្ក្រាបពីសំណាក់សមត្ថកិច្ចនានា ដែលទំនងជាមានកូនលោកអធិការប្រចាំស្រុកថ្ពងម្នាក់នេះ ចាំជួយចូកជួយចែវរហូតមក។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់បានទេ ពីលោកហ៊ុន សុខពិសិដ្ឋ ។ ត្នោត