រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនជាតិចិនម្នាក់វ័យជាង២០ឆ្នាំ បានយកដបសាំងទៅចាក់បង្ហៀរពេញបរិវេណខាងមុខបន្ទប់ជួលរបស់ប្រជាពលរដ្ឋ និងដុត បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលដែលអ្នកជួលបន្ទប់បិទទ្វារចូលដេកលង់លក់ស្ងាត់អស់ តែត្រូវបានម្ចាស់បន្ទប់លឺសំឡេងដូចជាមានអ្វីនៅខាងមុខបន្ទប់ លុះគាត់ពេលទៅមើលតាមប្រលោះទ្វារ ក៏ឃើញបុរសចិនកំពុងឈរកាន់ដបសាំងរួចចាក់សាំងពេញបេតុងបរិវេណខាងមុខបន្ទប់ និងដុតតែម្តង បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខបន្ទប់ជួលលេខA1 តាមបណ្ដោយផ្លូវបេតុង ខាងលិចស្តុប២៤ម៉ោង ប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមសម្តីពីស្ត្រីជាម្ចាស់បន្ទប់ជួលសូមមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ គាត់និងក្រុមគ្រួសាររបស់គាត់មានគ្នា៤ទៅ៥នាក់ និងប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបាននាំគ្នាបិទទ្វារបន្ទប់ចូលដេកស្ងាត់អស់។ បន្ទាប់មកស្រាប់តែកូនរបស់គាត់ដែលទើបនឹងកើតវាក៏បានភ្ញាក់ពីដេក និងបានស្រែកយំ ហើយគាត់ក៏ងើបមកលួងលោមឲ្យវាដេកទៅវិញ។
ស្ត្រីម្ចាស់បន្តបន្តថា លុះរហូតដល់កើតហេតុ គាត់ក៏បានលឺដូចជាមានអ្វីនៅខាងមុខបន្ទប់ ពេលនោះគាត់ក៏បានទៅមើលតាមប្រលោះទ្វារក៏ឃើញបុរសជាជនជាតិចិនកំពុងឈរកាន់ដបសាំងកន្លះលីត្រតែម្នាក់ឯងនៅខាងមុខបន្ទប់ ហាក់ដូចជាមនុស្សបែកថ្នាំអ៊ីចឹង។ មួយស្ទុះក្រោយមក ស្រាប់តែជនជាតិចិនរូបនេះ បានចាក់បង្ហៀរសាំងពេញបេតុងបរិវេណខាងមុខបន្ទប់របស់គាត់ និងបានដុត បណ្តាលឲ្យឆាបឆេះក្លាយជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង។
ភ្លាមៗនោះ គាត់ក៏ស្រែកឆោឡោ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុ ក៏នាំគ្នាចេញមកដួសទឹកជះពន្លត់ទាន់ពេលវេលា និងមិនបណ្ដាលឲ្យរងការខូចខាតដល់សម្បត្តិនរណាម្នាក់នោះទេ។
ក្រោយមកគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។ ខណៈពេលដែលសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជនជាតិចិនខាងលើ ក៏បានព្យាយាមដើរគេចខ្លួនចេញពីកន្លែងកើតហេតុ តែក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានមកវិញ។
ក្រោយពេលកើតហេតុជនជាតិចិនខាងលើ ដែលសង្ស័យថាបែកថ្នាំនោះ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព