រាជធានីភ្នំពេញ ៖ មនុស្ស១គ្រួសារចំនួន៥នាក់បានរងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរមួយ ខណៈពួកគាត់ទាំង៥នាក់កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាឆ្លងផ្លូវ ស្រាប់តែមានម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងបើកបរដោយយុវជនម្នាក់ក្នុងល្បឿនលឿនមកដល់បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសដួលដេករដូករណែលពេញផ្លូវពេញផ្លូវ ចំណែកឯយុវជនអ្នកបើកបរម៉ូតូសណ្ដោងកន្ទុយរុឺម៉កបានរងរបួសស្រាល ។
គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខវត្តទួលសុភាឃួនស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មនុស្ស១គ្រួសារដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរខាងលើនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ពួកគាត់គឺជាឪពុកម្ដាយនិងកូនស្រីចំនួន៣នាក់ទៀត ដោយជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Y-9969 ។
ដោយឡែកភាគីម្ខាងទៀតគឺជាម៉ូតូម៉ាកហុងដាវ៉េវ ពណ៍ក្រហមសណ្ដោងកន្ទុយរ៉ឺម៉ក ដឹកសម្ភារៈតទឹក មានទុយោនិងក្បាលរ៉ូប៊ីណេ បើកបរដោយយុវជនមិនស្គាល់ឈ្មោះម្នាក់ រងរបួសស្រាល។
អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ជិះគ្នា៥នាក់ឪពុកម្ដាយនិងកូនស្រី ធ្វើដំណើរសសៀរៗតាមផ្លូវក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង រួចឆ្លងផ្លូវពីកើតទៅលិច។
តាមប្រភពដដែលបានបន្តថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសណ្តោងកន្ទុយរ៉ឺម៉ក១គ្រឿងសម្ភារៈតទឹកមានទុយោនិងក្បាលរ៉ូប៊ីណេ បើកបរក្នុងល្បឿនលឿនគួរសម ក្នុងទិសដៅពីត្បូងទៅជើងមកដល់បុកយ៉ាងពេញទំហឹងតែម្ដង។
តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះបានបណ្ដាលឱ្យអ្នកជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់បានរងរបួសធ្ងន់ទាំង៥នាក់ដេកដួលរដូករណែលពេញផ្លូវ ដោយបុរសជាឳពុកដែលជាអ្នកបើកបរម៉ូតូរងរបួសបាក់ជើងឆ្វេង ចំណែកអ្នកបើកបរម៉ូតូសណ្ដោងកន្ទុយរុឺម៉ករងរបួសស្រាល ហើយម៉ូតូបានរងការខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី៣និងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានចុះទៅសម្រួលចរាចរមិនឲ្យមានការកកស្ទះ និងបានរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅវាស់វែងនិងនាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព