Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្តាប់​សម្តី​ស្ត្រី​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​កាំ​ង​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ហួសចិត្ត​ណាស់​!

រាជធានី​ភ្នំពេញ​៖ រឿង​ក្តៅ​ៗ​ដែល​ធ្វើ​ឲ្យ​មហាជន​ព្រួយបារម្ភ​ជុំវិញ​ស្ត្រី​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​ដែល​បាន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ហាក់​មាន​សញ្ញា​ប្រសើរ​ក្រោយ​ពី​សមត្ថកិច្ច​បាន​រក​ឃើញ​ស្ត្រី​រូប​នេះ​នៅ​ខេត្តកំពង់ចាម ។

វី​ដេ​អូ​មួយ​ឃ្លី​ប​ដែល​គេ​បាន​ចែកចាយ​យ៉ាង​ផុសផុល​ក្នុង​បណ្តាញ​សង្គម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​កាំ​ង ដែល​បាន​លទ្ធផល​តេស្ត​លើក​ទី​១ គឺ «​អវិជ្ជមាន​» តែ​គាត់​ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​គ្រប់​កំណត់ ១៤​ថ្ងៃ ហើយ​ក្រុម​គ្រូពេទ្យ កំពុង​តាមដាន​សុខភាព​គាត់ តែ​គាត់​បែរជា​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក និង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី ១៩ កក្កដា នាង​បាន​រៀបរាប់​ថា​បាន​ទៅ​កាន់​កន្លែង​ជា​ច្រើន នៅ​ខេត្តកំពង់ចាម រាប់​ចាប់តាំងពី​ផ្សារ​ធំ រហូត​ដល់​កន្លែង​ធ្វើ​សក់ និង​ប្តូរ​ពី​ផ្ទះសំណាក់​មួយ​ទៅ​កន្លែង​មួយទៀត ជាដើម ។

វី​ដេ​អូ​ឃ្លី​ប​មាន​រយៈពេល​ជិត ១​នាទី​កន្លះ បាន​បង្ហាញ​ស្ត្រី ខ្មែរ​-​អា​មេ​រិ​កាំ​ង​ឈ្មោះ មានឈ្មោះ LE VIRA ROSE សញ្ជាតិ អា​មេ​រិ​ក កើត​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៨៤ នៅ​ប្រទេស​កម្ពុជា អង្គុយ​លើ​កៅអី គង​អន្ទាក់ខ្លា និយាយ​រៀបរាប់​ថា នាង​បាន​ស្នាក់​នៅផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ខេត្តកំពង់ចាម ក្រោយ​ពី​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មួយ​កន្លែង​នៅ​ក្រុងភ្នំពេញ ។

ក្រោយ​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក នាង​បាន​ឡើង​ជិះ​តាក់ស៊ី​ទាំង​យប់​ថ្ងៃ​ទី ១៨ តែ​នាង​អះអាង​ថា​នាង​ជិះ​តាក់ស៊ី​តែ​ម្នាក់ឯង មក​ដល់​កំពង់ចាម ហើយ​សម្រាក​នៅផ្ទះ​សំណាក់​មួយ​កន្លែង ហើយ​ព្រឹក​ថ្ងៃ​ទី ១៩​នាង​ក៏​បាន​ទៅ​ផ្សារ​ធំ​នៅ​ទីរួមខេត្ត​កំពង់ចាម ទីកន្លែង​នាង​ទទួលទាន​អាហារ​ពេល​ព្រឹក រួច​បន្ត​ទៅ​ហាង​ធ្វើ​សក់ ក្រោយ​ពី​ចេញពី​កន្លែង​ធ្វើ​សក់​កាត់សក់​រួច នាង​ក៏​មក​ដល់​សណ្ឋាគារ​មួយ​កន្លែង​ទៀត​ប្រុង​ចូល​សម្រាក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​រូប​នាង​តែ​ម្តង ។

សូម​រម្លឹក​ថា​លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ១៨ កក្កដា ជុំវិញ​រឿង​កូ​វី​ដ ១៩​និង​រឿង​ស្ត្រី​ដែល​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​យ៉ាង​ដូច្នេះ​ថា «​បញ្ហា​ហានិភ័យ​នេះ យើង​មិន​អាច​មើល​រំលង​បាន​ទេ ហើយ​ដូច​ខ្ញុំ​តែងតែ​ជម្រាប​ជូន​ហើយ​ថា យើង​មិន​ត្រូវ​មើល​រំលង​នូវ​លទ្ធភាព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​ទេ ពីព្រោះ​វា​អាច​មាន​ហានិភ័យ ហើយ​ក៏​អាច​មានការ​ឆ្លង​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​នៅ​ក្នុង​ករណី​នេះ គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នកដំណើរ ដែល​គាត់​រួម​ដំណើរ​តាម​ជើងហោះហើរ ជាមួយនឹង​អ្នក​ដែល​មានវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ដោយ​ស្ថិត​នៅ​ក្នុង​ក្រុម ដែល​ត​ជើងហោះហើរ​នៅ​សាធារណរដ្ឋ​កូរ៉េ ឆ្ពោះ​មក​កម្ពុជា​នេះ ហើយ​នៅ​ក្នុង​ជើងហោះហើរ​នេះ ក៏​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន ២​នាក់​ដែរ​» ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា «​អ៊ីចឹង បច្ចុប្បន្ន​នេះ ស្ត្រី​រូប​នេះ កំពុង​ស្ថិត​នៅ​លើ​ការ​តាមដាន​សុខភាព​ពី​ក្រុម​គ្រូពេទ្យ​របស់​យើង ដោយ​យកចិត្តទុកដាក់​បំផុត​។ ថ្វី​ត្បិត​តែ​លទ្ធផល​តេស្ត​លើក​ទី​១ របស់​គាត់ អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ក៏​ប៉ុន្តែ​គាត់​ស្ថិត​នៅ​ក្នុង​កម្រិត​ពេល ដែល​ត្រូវ​តាមដាន​រយៈពេល ១៤​ថ្ងៃ​។ ដូច្នេះ​ហើយ យើង​ទាំងអស់​គ្នា ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​។ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​យើង​ទាំងអស់​គ្នា​ថា សូម​ឲ្យ​បន្ត​យកចិត្តទុកដាក់ ហើយ​សូមកុំ​ភ្លេច​កិច្ច​ការពារ​ខ្លួន​នូវ​ការ​ឆ្លង​កូ​វី​ដ​១៩ ហើយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា ក៏​ត្រូវ​ប្រយ័ត្នប្រយែង​មែនទែន ហើយ​កុំ​ភ្លេច​អនុវត្ត​នូវ​វិធានការ​ការពារខ្លួន​» ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9503592