តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំមមែ ឆុងជាមួយឆ្នាំឆ្លូវ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏តែងមានភាពជឿនលឿននិងសុខដុមគួរសម។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរយីអ៊ុនរបស់លោកអ្នកមិនសមដូចប្រកបប៉ុន្មានទេបើដូចនេះទោះធ្វើជំនួញទីជិតឆ្ងាយមិនត្រូវលោភលន់ចង់ចំណេញច្រើនឡើយបើពុំនោះប្រយ័ត្នត្រូវមកដេកសោកស្តាយនៅឯផ្ទះវិញ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នាពេលនេះឃើញថាដំណើរជីវិតល្អប្រសើរហើយមិនជួបបញ្ហាលំបាកឆ្លងកាត់ដូចកាលពីមុនទៀតឡើយ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះសម្លឹងមុខរបរថ្មីៗក្រែងជួបដូចបំណងហើយធូរដល់ថ្ងៃក្រោយដែលមិនត្រូវរែកពន់ផលលំបាកច្រើន។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំជួបរឿងមើលបំណាំងគ្នានិងរួមទាំងប្រចែប្រច័ណ្ឌច្រើនផង។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីតោងតែចេះត្រៀមទប់ទល់ឱ្យបានល្អ ទើបមិនមានបញ្ហាចោទនាពេលក្រោយវិញ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមានសភាពនឹងធឹងល្អពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់ជាសន្សឹមៗដូចសព្វមួយដង។ការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះមិនត្រូវជឿពាក្យអុជអាលអ្នកដទៃពេកឡើយបើពុំនោះនឹងកើតតែបញ្ហាចំពោះគ្នាមិនចេះចប់ពុំខាន។
ឆ្នាំថោះ
រាសីល្អមធ្យម។
ការងារ ៖ នាពេលនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះទោះធ្វើអ្វីតែងជឿនលឿនទៅមុខនិងមានភាពសុខដុមគួរសម។
មុខរបរ ៖ នៅថ្ងៃនេះវិញចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចតែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមិនមានអ្វីលេចធ្លោទេគឺដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតមានភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗមានចិត្តខ្លាំងតែរៀងៗខ្លួន។
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរហេតុនេះមានការលូតលាស់ទាំងការងារនិងបញ្ហាប្រាក់កាសផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញផ្លូវឆ្ងាយមិនថាផ្លូវទឹក,ផ្លូវអាកាសឬផ្លូវគោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើតែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេផងដែរព្រោះភាពស៊យនៅអុកឡុកយាយីនៅឡើយទេ។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សអាណិតស្រឡាញ់និងបើមានការពឹងពាក់អ្វីមួយផងគេតែងជួយអស់ពីចិត្តពីថ្លើម។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីបើមានការពូនជ្រោយសេចក្តីស្នេហាដោយមានការយកចិត្តទុកដាក់និងផ្អែមល្ហែមដាក់គ្នាជាការគាប់ប្រសើរបំផុត។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ឈានទៅមុខមួយកម្រិតដែរ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការរីកលូតលាស់ទៅមុខគួរសមហើយបើលោកអ្នកចង់បើករបរថ្មីឬចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីពេញចិត្តផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានភាពលូតលាស់ប្រពៃប៉ុន្តែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានការសុខកាយសប្បាយចិត្តខ្លះហើយធ្វើអ្វីក៏ហុចជាលទ្ធផលគួរសម។ក្រៅពីនេះការប្រកបការងារក៏អាចចាប់ផ្តើមកិច្ចការធនមធ្យមបានផងដែរ។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោក,ផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។
ស្នេហា ៖ ស្នេហាប្រុសស្រីកើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន។
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញផង។
មុខរបរ ៖ ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកតោងតែប្រយ័ត្នប្រយែងពិសេសក្រុមមនុស្សដែលនៅក្បែរខ្លួនក៏ងាយធ្វើឱ្យលោកអ្នកត្រូវទទួលរងគ្រោះកម្មអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចំណាយច្រើនអនេកធ្វើឱ្យទទួលអម្រែកយ៉ាងធ្ងន់ជាងមុនហើយត្រូវរើបម្រះខ្លាំងបន្តិចទើបគ្មានបញ្ហាចោទឡើង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការពិបាកក្នុងការចុះសម្រុងនិងចាប់កំហុសគ្នាច្រើនផង។
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះការដែលលោកអ្នកធ្វើអ្វីមួយឃើញថាមានភាពរលូនល្អនិងជឿនលឿនទៅមុខគួរសម។
មុខរបរ ៖ នៅថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផលជាផ្លែផ្លាតែងហុចមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះជួបបញ្ហារដិបរដុបបន្តិចក៏ដោយតែក៏មានភាពសុខដុមល្អប្រពៃណាស់។
ស្នេហា ៖ ប្រុសស្រីបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងសម្រេចជោគជ័យជានិច្ច។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃ នេះឃើញថាមានការធូរស្បើយពីបញ្ហាមិនល្អយាយីហើយធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញផង។
មុខរបរ ៖ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការប្រជែងតម្លៃគ្នាបន្តិចដូចនេះការជួញទីជិតឆ្ងាយផលកម្រៃឃើញថាជួបការខ្សត់ខ្សោយតែបើមានអតិថិជនជំពាក់ប្រាក់កាសបែរជាផ្តល់ឱកាសល្អក្នុងការទារទៅវិញ។
ស្នេហា ៖ កំលោះក្រមុំក្នុងថ្ងៃនេះដែរមានការឆាប់ប្រេះឆានិងកើតការប្រឆាំងគ្នាណាស់គួរចេះអត់ឱនឱ្យគ្នាខ្លះទើបប្រសើរ។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវប្រយ័ត្នសត្រូវក្បែរខ្លួនបន្តិព្រោះគេចាំមើលតែលោកអ្នកធ្វេសប្រហែសឬមានចំណុចខ្សោយត្រង់ណាដើម្បីសង្កត់កជាន់ពន្លិចប៉ុណ្ណោះ។
មុខរបរ ៖ ក្នុងថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងហេតុនេះលោកអ្នកគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង។
ស្នេហា ៖ ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាទៅវិញទៅមក។
ឆ្នាំកុរ
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះម្ល៉ោះហើយគប្បីរក្សាភាពស្ងប់ស្ងាត់ហើយមិនត្រូវធ្វើអ្វីដែលបង្កការប៉ះពាល់អ្នកដទៃឡើយបើពុំនោះនាំត្រូវបាត់បង់ប្រាក់កាសអ្វីមួយផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសយាយី។ការធ្វើដំណើរទៅទិសបស្ចឹមឱ្យយ័ត្នក្រុមមនុស្សបៀតបៀនយាយី។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំជួបបញ្ហាប្រទាំងប្រទើសនិងមានរឿងរាវរកាំចិត្តចំពោះគ្នាច្រើន៕ប្រភព៖ CEN