រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហ្វ័ត មួយបាំងកន្លះ ក្នុងបើកលឿនដូចហោះ រួចងោកក្នុងរថយន្តមួយភាំង ក៏ស្រាប់តែរេចង្កូតទៅបុករះជាមួយនឹងរថយន្តសរុបទាំងអស់4គ្រឿង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង11និង30នាទីយប់ ថ្ងៃទី17 ខែកក្កដា ឆ្នាំ2020 តាមបណ្តោយផ្លូវ174 នៅចំណុចក្បែរនឹងផ្សារសូរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី3 ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តចំនួន4គ្រឿងចតនៅចិញ្ចើមផ្លូវ ក្នុងនោះមានរថយន្តឡិចស៊ីស570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB2899, រថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AI9375, រថយន្តហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2U6926 និងរថយន្តរ៉េនរ៉ូវើរ ពាក់ស្លាកលេខភ្នំពេញ 2S8978 ដែលរថយន្តទាំង៤គ្រឿងនេះសុទ្ធតែចតនៅផ្លូវ174 ។
ប្រភពដដែលបន្តថា លុះពេលដែលកើតហេតុខាងលើនេះ ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហ្វ័តមួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC9378 បើកបរតាមបណ្តោយផ្លូវ174 ពីកើតទៅលិច ដោយបើកក្នុងល្បឿនយ៉ាងលឿនដូចហោះ រួចហើយមិនដឹងថា អ្នកបើកបរស្រវឹងស្រាមកពីណានោះទេ ទើបងោកមួយភាំង រួចក៏រេចង្កូតមកស្តាំដៃបុកនឹងម៉ូតូកង់បីឥណ្ឌា បណ្តាលឱ្យក្រពឹតរងការខូចខាត ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿននោះទេ ក៏បន្តទៅបុករថយន្តឡិចស៊ីស570 រងការខូចខាតក្រពឹតអស់មួយជំហៀងខាងឆ្វេងទាំងមុខទាំងក្រោយ និងផ្ទុះកង់មុខជំហៀងខាងឆ្វេងទៀត។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបុករថយន្តឡិចស៊ីស៥៧០រួច រថយន្តបង្កក៏បន្តទៅបុករថយន្តកាមរីបាឡែនរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខជំហៀងខាងស្តាំ និងបន្តទៅបុកនឹងរថយន្ត2គ្រឿងទៀត គឺរថយន្តហាយឡែនឌ័រ និងរថយន្តរ៉េនរ៉ូវើរ ធ្វើឱ្យរងការខូចខាតតិចតួច រីឯក្បាលរថយន្តបង្កវិញក៏បានបុកកញ្ចក់ក្រុមហ៊ុនមួយផ្ទប់នឹងរថយន្តហាយឡែនឌ័រទៀតផង។
ក្រោយពេលកើតហេតុ ម្ចាស់បង្កបានសងថ្លៃខូចខាតដល់ម្ចាស់ម៉ូតូកង់បីរួចក៏ចេញទៅបាត់ផងដែរ ប៉ុន្តែភ្លាមៗនោះម្ចាស់រថយន្តបង្កក៏រត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនៅតែរថយន្តបង្ក និងរថយន្តរងគ្រោះតែប៉ុណ្ណោះ។ លុះបន្តិចក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី3 ក៏បានចុះមកកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង រួចក៏យករថយន្តបង្ក និងរថយន្តរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយទៀត។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព