
ប្រទេសអេស្ប៉ាញ ៖ លោក Zinedine Zidane បាននិយាយថា កីឡាកររបស់លោកទាំងអស់ នឹងមិនត្រូវបានផ្តល់ថ្ងៃឈប់សម្រាកណាមួយទេ បន្ទាប់ពីឈ្នះជើងឯក La Liga ខណៈ Real Madrid ត្រូវផ្តោតអារម្មណ៍បន្តទៀត ទៅនឹងប្រកួតក្របខណ្ឌ Champions League ជាមួយក្រុម Manchester City។
សូមរំលឹកថា Real Madrid ទើបតែក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ La Liga កាលពីថ្ងៃទី១៧កន្លងទៅ បន្ទាប់ពីបានយកឈ្នះលើក្រុម Villarreal។ ប៉ុន្តែលោក Zidane បានទទូចថា នឹងមិនមានការឈប់សម្រាកឡើយចាប់ពីថ្ងៃច័ន្ទនេះតទៅ ដើម្បីឱ្យកូនក្រុមទាំងអស់ត្រៀមខ្លួន សម្រាប់ការប្រកួតតទល់ជាមួយ Man City នៅទឹកដីអង់គ្លេស ក្នុងជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ដែលនឹងធ្វើឡើងនៅថ្ងៃទី៧ ខែសីហាខាងមុខ ខណៈកាលពីជើងទី១ ពួកគេបានចាញ់ក្រុម Man City ២-១។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសៅរ៍លោក Zidane បាននិយាយថា«ពួកគេនឹងមិនមានរយៈពេលពីរសប្តាហ៍ឈប់សម្រាកឡើយ។ យើងមានការប្រកួតនៅថ្ងៃស្អែក ហើយបន្ទាប់មកយើងក៏មិនមានពេលវិស្សមកាលដែរ។ យើងត្រូវផ្តោតអារម្មណ៍ទៅនឹងការប្រកួតជាមួយក្រុម Man City»។
សូមបញ្ជាក់ថា Real Madrid នឹងត្រូវជួបក្រុម Leganes ក្នុងរាត្រីនេះ ដែលជាការប្រកួតបិទក្របខណ្ឌ La Liga រដូវកាលនេះ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Manchester ប្រទេសអង់គ្លេស៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព