អង់គ្លេស ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា អាជ្ញាធរអង់គ្លេស កំពុងរៀបចំផែនការចែកចាយឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ដោយឥតគិតថ្លៃរាប់លាន បន្ទាប់ពីកំណែដែលគាំទ្រ ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសបានឆ្លងកាត់ការសាកល្បងដ៏ធំលើកដំបូង។
ឧបករណ៍តេស្តលើម្រាមដៃ ដែលអាចប្រាប់បានក្នុងរយៈពេល ២០នាទី ប្រសិនបើមនុស្សម្នាក់ធ្លាប់ប្រឈមនឹងជំងឺកូវីដ១៩ ត្រូវបានគេរកឃើញថា មានភាពត្រឹមត្រូវ ៩៨.៦% ក្នុងការសាកល្បង ដែលបានធ្វើឡើងកាលពីខែមិថុនា។
ការធ្វើតេស្តនេះ ត្រូវបានបង្កើតឡើងដោយ UK Rapid Test Consortium (UK-RTC) ដែលជាភាពជាដៃគូរវាងសាកលវិទ្យាល័យ Oxford និង ក្រុមហ៊ុនឈានមុខគេក្នុងការធ្វើរោគវិនិច្ឆ័យរបស់ចក្រភពអង់គ្លេស។ កាសែតបានចុះផ្សាយថា ភាពជាដៃគូនេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល បន្ទាប់ពីការធ្វើតេស្តម្រាមដៃ ដែលផលិតនៅប្រទេសចិនបានបង្ហាញថាគ្មានប្រយោជន៍អ្វីសោះ។
តេស្តអង់ទីករតែមួយគត់របស់ចក្រភពអង់គ្លេស ដែលត្រូវបានអនុម័ត ហើយរហូតមកដល់ពេលនេះពាក់ព័ន្ធនឹងសំណាកឈាម ដែលត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ ដើម្បីធ្វើការវិភាគដែលអាចចំណាយពេលច្រើនថ្ងៃ។
របាយការណ៍បានបន្ថែមថា ដោយរំពឹងលើការអនុម័តបទប្បញ្ញត្តិនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ គំរូដើមរាប់ពាន់រាប់ម៉ឺន ត្រូវបានផលិតរួចហើយ នៅក្នុងរោងចក្រនៅទូទាំងចក្រភពអង់គ្លេស។
ការធ្វើតេស្តនេះ ទំនងជាមិនគិតថ្លៃ ហើយនឹងត្រូវបានបញ្ជាទិញតាមអ៊ីនធើនណេត ជំនួសឱ្យការលក់នៅក្នុងផ្សារទំនើប យោងតាមផែនការដែលបានលើកឡើងដោយកាសែតនេះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព