រាជធានីភ្នំពេញ ៖ សមត្តកិច្ចចាត់ទុកថា ជនសង្ស័យ២នាក់ជាជនជួញដូរគ្រឿងញៀនយ៉ាងសកម្មភាព តែពេលនេះត្រូវបានចូលអន្ទាក់របស់កម្លាំងជំនាញ ក.១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ និងលោក សេង ឃុនណាង នាយការិយាល័យទី១១ ដោយមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មមួយករណី នៅចំណុចបន្ទប់ផ្ទះជួលលេខ៥០៥ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ឈ្មោះ សំ សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផាន់ សុធា ភេទប្រុស អាយុ២២ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ជាមួយ និងការឃាត់ខ្លួនជនសង្ស័យទាំង២ នាក់នោះ សមត្តកិច្ចដកហូតវត្ថតាងរួមមាន៖ ១-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(ICE) ទម្ងន់ ៨៥៣.៧៨ ក្រាម, ២-ថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA)ទម្ទន់ ៤០.២៣ក្រាម ដូច្នោះសារធាតុញៀនសរុបមានទម្ងន់ ៨៩៤.០១ ក្រាម (ស្មើជិត១គីឡូក្រា) ។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព