ប្រទេសវៀតណាម បានធ្វើការបញ្ជាទិញស្រូវពីកម្ពុជា ក្នុងបរិមាណប្រមាណជាង១លានតោន ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២០ តាមគ្រប់ច្រកទ្វារព្រំដែន នៃប្រទេសវៀតណាម។
ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលTNAOT APP បានទទួលនៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ បានឱ្យដឹងថា ខេត្តចំនួន៥ ដែលមាន៖ តាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងកំពតជាដើមនេះ អាចធ្វើការផលិតស្រូវ បានប្រមាណជាង១លានតោន សម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសវៀតណាម។
បើយោងតាមរបាយការណ៍ដដែលនេះ បានបង្ហាញថា បរិមាណស្រូវ គិតត្រឹមចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ខេត្តព្រៃវែងបានទទួលទិន្នផលស្រូវច្រើនជាងគេ គឺរហូតដល់ទៅជិត៩សែនតោន រីឯខេត្តស្វាយរៀង និងខេត្តតាកែវ អាចផលិតស្រូវបានច្រើនជាង១សែនតោន ចំណែកឯខេត្តកណ្តាល និងខេត្តកំពតវិញ លទ្ធភាពនៃការផលិតស្រូវ អាចទទួលបានពី៥ទៅ៩ម៉ឺតោន។
នៅក្នុងរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ក៏បានធ្វើការបញ្ជាក់ ពីការប្រែប្រួលតួលេខ នៃទិន្នផលស្រូវ នាពេលខាងមុខនេះផងដែរ។
បើគិតពីការប្រមូលផលស្រូវ នៅក្នុងខេត្តនីមួយៗនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ខេត្តតាកែវបានប្រមូលផលស្រូវបានជាង៩០០តោន ព្រៃវែងបាន២៦៣៨តោន ខេត្តស្វាយរៀង ១២៥០តោន ខេត្តកំពត៦៦០តោន។ ជាមួយគ្នានេះ ទិន្នផលស្រូវសរុបក្នុងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់ខេត្តចំនួន៥នេះ គឺមានចំនួន៥៤៤៨តោន៕ ដោយ៖ ឃួន លក្ខិណា