នៅគម្ពីរធម្មបទមាននិយាយពីបុរសម្នាក់ឈ្មោះគោឃាតកៈជាអ្នកមានមុខរបរសម្លាប់គោប្តូរយកប្រាក់មកទំនុកបម្រុងគ្រួសារ លុះអស់អាយុសង្ខារក៏បានទៅឆេះនៅក្នុងរណ្តៅមហានរក ហើយនៅសេសសល់ផលកម្មក៏បានមកកើតជាប្រេតរងទុក្ខវេទនាបន្តរហូតដល់សព្វថ្ងៃនេះ ។
ប្រេតនោះឈ្មោះថា អដ្ឋិសង្ខលិកប្រេត គឺប្រេតមានតែគ្រោងឆ្អឹង ប្រេតនេះរស់នៅនឹងជើងភ្នំគិជ្ឈកូដ ដែលព្រះមហាមោគ្គល្លានលោកបានឃើញប្រេតនេះកំពុងតែអណ្តែតត្រសែតនៅឯអាកាសវេហា មានពពួកត្មោត ពពួកសត្វខ្លែងប្រមង់ដេញតាមចោមរោមឆាបចឹកជុំជិត ហើយអដ្ឋិសង្ខលិកប្រេតនោះក៏ចេះស្រែកថ្ងូរឈឺផ្សាក្រៃលែង ។
ព្រះមានព្រះភាគត្រាស់សម្តែងនូវបុព្វកម្មនៃសត្វប្រេតនេះថា ម្នាលភិក្ខុទាំងឡាយ ប្រេតនុះកាលពីដើមជាអ្នកពិឃាតគោក្នុងក្រុងរាជគ្រឹះនេះឯង ដោយកម្មវិបាកនោះ អ្នកពិឃាតនោះក៏បានទៅឆេះនៅក្នុងមហានរកអស់ជាច្រើនសែនឆ្នាំ ដោយនៅសេសសល់នៃកម្មវិបាកនោះ ក៏ត្រឡប់មកទទួលផលក្នុងអត្តភាពជាប្រេតនេះឯង ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព