ខេត្តមណ្ឌលគិរី ៖ អំណោយជាថវិការតាមរយៈកោះសន្តិភាពត្រូវបានប្រគល់ជូនបុរសអភ័ព្វស្នេហ៍កូន៤នាក់ ដែលត្រូវប្រពន្ធសុំចុះចោលទ្រនំដែលធ្លាប់រួមរស់នៅជាមួយគ្នាអស់ពេលជាំច្រើនឆ្នាំ ។
ថវិការ១០ម៉ឺនរៀលពីសប្បុរសជនលោក សេង គី អាជីវករលក់ទាខ្វៃ នៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានភ្នាក់ងារកោះសន្តិភាពខេត្តមណ្ឌលគិរី យកទៅជូនដល់បុរសខាងលើនារសៀលថ្ងៃទី១២ កញ្ញា ២០២០ ។
បុរសពោះម៉ាយឈ្មោះ វុធ ម៉ៅ អាយុ៣៩ឆ្នាំ បានរៀបរាប់ថា រូបគាត់បានរៀបការជាមួយប្រពន្ធឈ្មោះ សុខ គៀត អាយុ៣៥ឆ្នាំ ស្រុកកំណើតមកពីទឹកដីខេត្តត្បូងឃ្មុំ ។ ដោយគ្មានមុខរបរត្រឹមត្រូវបាននាំប្រពន្ធមកស៊ីឈ្នួលគេ នៅក្នុងស្រុកកែវសីមានេះ និងបង្កើតកូនប្រុសបានចំនួន៥នាក់ ក្នុងនោះកាលពីប៉ុន្មានខែមុន កូនប្រុសម្នាក់ត្រូវពោះពស់ចឹកស្លាប់ម្នាក់ ។
បុរសដដែលបន្តថា ប្រពន្ធគាត់ដោយទ្រាំ និងជីវភាពក្រលំបាកពេកបានលុតជង្គង់សំពះវិចបង្វិចចាកចេញពីជីវិតលោកគ្មានស្តាយស្រណោះកូនៗតូចៗទាំង៤ឡើយ ដោយប្រពន្ធប្រាប់ថា និងទៅយកប្តីថ្មីដែលគេមានជីវភាពធូរធារជាងលោក ។
លោកវុធ ម៉ៅ នៅបន្តទាំងអួលដើម.ក ថា រាល់ថ្ងៃពេលព្រឹកលោកបានទុកកូនតូចៗ២នាក់ឲ្យកូនច្បងមើលនៅផ្ទះ ឯលោកទៅរើសអេតចាយមួយព្រឹកជាង១ម៉ឺនរៀលដែរ ។ លុះពេលរសៀលលោកនៅមើលកូនតូចវិញម្តង ដោយកូនច្បងដែលមានអាយុ១២ឆ្នាំ និងកូនបន្ទាប់ អាយុ៨ឆ្នាំ ដើរទៅរើសអេតចាយម្តង ផ្សែផ្សំគ្នា គ្រាន់បានទិញចំណីអាហារ។ បុរសរូបនេះថា បើមានអង្គការទទួលយកកូនទៅចិញ្ចឹម លោកព្រមប្រគល់កូនៗដែលចង់ទៅនៅជាមួយអង្គការ ប៉ុន្តែបើកូនមិនចង់ទៅ គាត់នៅតែប្រឹងប្រែងរករបរអេតចាយចិញ្ចឹមបន្តដដែល ។
បុរស វុធ ម៉ៅ បានថ្លែងអំណរគុណជាខ្លាំងដល់បណ្តាសប្បុរសជន និងអាជ្ញាធរស្រុក ខេត្ត ដែលបានជួយសម្រាលបន្ទុកគ្រួសារគាត់ ដែលកំពុងជួបប្រទះបញ្ហាជីវភាព ខណៈរដូវវស្សាមានភ្លៀងធ្លាក់ច្រើន គាត់និងកូនៗពិបាកដើររើសរបស់របរអេតចាយ ដើម្បីប្តូរលុយទិញអង្ករហូបប្រចាំថ្ងៃ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព