រមណីយដ្ឋានភ្នំហាន់ជ័យ មានពុទ្ធបរិស័ទជិតឆ្ងាយនាំគ្នាមកធ្វើបុណ្យដាក់ទានច្រើនក្នុងរដូវភ្ជុំបិណ្ឌ
ខេត្តកំពង់ចាម ៖ វត្តភ្នំហាន់ជ័យ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ស្ថិតនៅប្របតាមដងទន្លេមេកុងក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ជាទីកន្លែងដែលគេជឿថា មានបារមីស័ក្តិសិទ្ធ មានចម្ងាយប្រមាណជិត២០គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ។
នៅក្នុងឱកាសព្រឹកថ្ងៃទី១២ កញ្ញា ២០២០ មានប្រជាពលរដ្ឋមកពីគ្រប់ទិសទីបានយកចង្ហាន់មកប្រគេនព្រះសង្ឃ ក្នុងនោះឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងសហការីជាច្រើននាក់ក៏បានអញ្ជើញមកដាក់បិណ្ឌទី១០ ផងដែរ ។
លោកស្រី សុភ័ក្ត្រ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានឲ្យដឹងថា អភិបាលខេត្តរួមជាមួយ និងថ្នាក់ដឹកនាំក្រោមឱវាទចាប់តាំងពីរវេនដាក់បិណ្ឌទី១ រហូតមកដល់វេនដាក់បិណ្ឌទី១០ បានអញ្ជើញរាប់បាត្រ និងប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តក្នុងក្រុងកំពង់ចាម និងបណ្ដាវត្តឆ្ងាយៗ នៅក្នុងខេត្តកំពង់ចាម ជាបន្តបន្ទាប់បានចំនួន៦ វត្ត ។ រួមទាំងវត្តភ្នំហាន់ជ័យ ដែលព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងជាព្រះចៅអធិការវត្តភ្នំហាន់ជ័យ គង់នៅ ។
លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានបន្តឲ្យដឹងទៀតថា តាមជំនឿព្រះពុទ្ធសាសនា ការរាប់បាត្រនេះគឺនាំយកទេយ្យទានប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលផលបុណ្យដល់ញាតិទាំងឡាយទាំងក្នុងបច្ចុប្បន្ន និងអតីកកាល ។ នៅក្នុងខេត្តកំពង់ចាម ទាំងមូលមានវត្តចំនួន៣៧៨ វត្ត ក្នុងឱកាសវេនដាក់បិណ្ឌទី១០ គឺមានពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបាននាំគ្នាមកវត្តភ្នំហាន់ជ័យ ដែលជាទីកន្លែងរមណីយដ្ឋានបែបធម្មជាតិ នៅលើកំពូលភ្នំ និងមានខ្យល់អាកាសធម្មជាតិបក់ផាត់ពីទន្លេមេគង្គ គឺមានចំនួនច្រើនជាងបណ្ដាលវត្តផ្សេងៗទៀត ។
បើនិយាយ ពីវិស័យព្រះពុទ្ធសាសនា វត្តភ្នំហាន់ជ័យ មានការដឹកនាំល្អពីសំណាក់ព្រះមេគណខេត្ត ហើយទីធ្លាក្នុងទីអារាមនេះក៏មានលក្ខណៈអំណោយផលបរិស្ថានល្អ ។ លោកស្រី សុភ័ក្ត្រ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានបញ្ជាក់ថា ដោយមានការណែនាំពីក្រសួងសុខាភិបាលក៏ដូចជាអាជ្ញាធរខេត្ត ក្នុងឱកាសវេនដាក់បិណ្ឌទី១ រហូតមកដល់វេនទី១០ ព្រះចៅអធិការវត្តភ្នំហាន់ជ័យ បានរៀបចំមានបាញ់អាល់កុល លាងសម្អាតដៃ និងប្រដាប់បាញ់អាល់កុលលើរាងកាយទាំងមូល គឺបានចូលរួមចំណែកដ៏សំខាន់ក្នុងការទប់ស្កាត់ជំងឺ covid ។
សូមបញ្ជាក់ថានៅរមណីយដ្ឋានវត្តភ្នំហាន់ជ័យឲ្យតែដល់រដូវបុណ្យទានធំៗ ក្នុងនោះមានភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីនៃជាតិ ព្រះចៅអធិការវត្តបានរៀបចំប្រជាការពាររួម និងកងកម្លាំងសមត្ថកិច្ចដាក់ជាមប្រចាំការ ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ ។ ជាមួយនោះក៏បានបង្កើតឲ្យមានព្រឹត្តិការណ៍សប្បាយដូចជា រាំកម្សាន្តលេងនឹងបង្កើតកម្មវិធីជាច្រើនទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋទាំងនៅក្នុងខេត្តកំពង់ចាម និងបណ្ដាខេត្តផ្សេងៗទៀតបាននាំគ្នាមកកម្សាន្តលេង ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព