អ្នកស្រី គីម លីម (Kim Lim) ដែលជាកូនស្រីរបស់មហាសេដ្ឋី ភីធើ លីម (Peter Lim) ប្រចាំប្រទេសសិង្ហបុរី គឺជាតារាប្រព័ន្ធសង្គម និងមិត្តរបស់អ្នកមាន និងតារាល្បីៗជាច្រើនរូប ប៉ុន្តែជីវិតរបស់អ្នកស្រីមិនមែនមានតែរឿងសប្បាយទេ ។
មិនត្រឹមតែមានឪពុកម្តាយដែលបានសម្រេចចិត្តលែងលះគ្នាទេ សូម្បីតែអាពាហ៍ពិពាហ៍របស់អ្នកស្រីក៏ត្រូវបានបញ្ចប់ក្នុងពេលថ្មីៗនេះដែរ ។ បច្ចុប្បន្នអ្នកស្រីជាម្តាយមេម៉ាយរបស់កូនប្រុសអាយុ ៣ឆ្នាំម្នាក់ ។
លោក លីម ធ្លាប់ជាកូនប្រុសរបស់អ្នកលក់ត្រី មុននឹងក្លាយជាអាជីវករ និងវិនិយោគិនដ៏ជោគជ័យដែលមានទ្រព្យសម្បត្តិរួមប្រមាណជិត ២ប៊ីលានដុល្លារ ។ ឪពុកម្តាយរបស់អ្នកស្រីបានឆ្លងកាត់ជម្លោះជាយូរឆ្នាំមុននឹងផ្តាច់ចំណងអាពាហ៍ពិពាហ៍បានសម្រេចផងដែរ ។
ទោះជាមានទ្រព្យសម្បត្តិពិតមែនក្តី អ្នកស្រីធ្លាប់បាននិយាយថាឪពុករបស់អ្នកស្រីបានចិញ្ចឹមបីបាច់អ្នកស្រីដោយសាមញ្ញ ។ រហូតដល់វ័យយុវវ័យទើបអ្នកស្រីដឹងពីទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់ក្រុមគ្រួសារ ។
តាំងពីធំពេញវ័យមក អ្នកស្រីត្រូវបានថតជាប់តារាៗជាច្រើនរូបរួមទាំងកីឡាករ គ្រីស្ទីណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងតារាកូរ៉េ សឹងរី (Seungri) របស់ក្រុម Big Bang ថែមទៀត ។
តារា សឹងរី រូបនេះត្រូវបានចោទប្រកាន់ថា រកពលករផ្លូវភេទឲ្យអាជីវករបរទេសក្នុងទីក្រុងសេអ៊ូល និងបាននិយាយថា លោកបានជួយរកស្ត្រីៗដើរផ្សារជាមួយអ្នកស្រីលីមផងដែរ ។ ប៉ុន្តែអ្នកស្រីលីមបានព្យាយាមផ្តាច់ខ្លួនពីតារាកូរ៉េរូបនេះ ។ នៅឆ្នាំ ២០១៦ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ខូ ប៊ីនខៃ (Kho Bin Kai) បន្ទាប់ពីក្លាយជាសង្សានឹងគ្នាបាន ៦ខែ ។
អ្នកស្រីបានបង្ហាញខ្លួនជាម្តាយដែលស្រលាញ់កូនប្រុស ដោយបង្ហោះរូបកូនជាប្រចាំលើ Instagram របស់ខ្លួន ។ ក្រៅពីនេះហើយ អ្នកស្រីក៏បានចូលរួមធ្វើអំពើសប្បុរសដូចជាធ្វើជាអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលព្យាបាលផ្សេងៗ ។
ក្នុងពេលថ្មីៗនេះ ឈ្មោះអ្នកស្រីត្រូវបានរំលេចឡើងទាក់ទងទៅនឹងការឆ្លើយតបរបស់អ្នកស្រីទៅកាន់ហ្វេនរបស់ក្លឹបបាល់ទាត់ Valencia ដោយបានចេញមុខការពារជនជាតិចិន ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព