ការផ្ទុះនូវជំងឺកូវីដ ១៩ បានបង្កជាបញ្ហាដល់មនុស្សជាច្រើន ខណៈដែលបង្កើនការងារដល់មនុស្សមួយចំនួនទៀតដែលធ្វើឲ្យពួកគេជួបការលំបាកក្នុងការបែងចែករវាងការងារ និងជីវិតផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់។ ប៉ុន្តែការបែងចែកនេះពិតជាសំខាន់ណាស់សម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្ស ។ ខាងក្រោមគឺជាគន្លឺះមួយចំនួនដែលអាចជួយឲ្យអ្នករក្សាលំនឹងភាពនេះបាន៖
១. បែងចែកអ្វីដែលសំខាន់សម្រាប់អ្នក
អ្នកដែលមានបញ្ហាបែងចែករវាងការងារ និងជីវិតផ្ទាល់ខ្លួនភាគច្រើនជាមនុស្សដែលព្យាយាមសម្រេចបានកិច្ចការច្រើនលើសសមត្ថភាពរបស់ខ្លួន។ ដើម្បីជៀសវាងអន្ទាក់នេះ អ្នកគួរតែសួរខ្លួនឯងឲ្យបានច្បាស់ពីអ្វីដែលមានសារៈសំខាន់សម្រាប់អ្នកផ្ទាល់?
២. កំណត់ពេលវេលាសម្រាប់ការសម្រាកពិតប្រាកដ
ពេលវេលាសម្រាកពិតប្រាកដមិនមែនជាពេលដែលអ្នកមិនធ្វើអ្វីតែបន្តទទួលបានសារ ឬការខលទាក់ទិននឹងការងារទេ។ ពេលសម្រាកពិតប្រាកដគឺជាពេលដែលអ្នកផ្តាច់ខ្លួនចេញពីការងារទាំងស្រុង។ ពេលទាំងនេះក៏រួមមានពេលទទួលទានអាហារថ្ងៃត្រង់ដែរ។ មនុស្សដែលចេញពីក្នុងបន្ទប់ធ្វើការដើម្បីបរិភោគអាហារថ្ងៃត្រង់ភាគច្រើនមានកម្លាំងច្រើនជាងអ្នកដែលអង្គុយបរិភោគអាហារមុខកុំព្យូទ័ររបស់ខ្លួន។
៣. កំណត់ពេលវេលាសម្រាប់ធ្វើលំហាត់ប្រាណ
ពេលដែលអ្នកមានពេលសម្រាក អ្នកគួរតែបែងចែកពេលវេលាខ្លះសម្រាប់ការធ្វើលំហាត់ប្រាណដែរទៅតាមសមត្ថភាពរបស់អ្នក។ ការធ្វើលំហាត់ប្រាណមានសារៈសំខាន់ព្រោះវាជួយកាត់បន្ថយស្ត្រេស។ លើសពីនេះទៅទៀត ពេលលេងកីឡា ឬរត់ហាត់ប្រាណអាចជាឱកាសល្អឲ្យអ្នកចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ដែរ។
៤. កុំរអៀសខ្លួនពេលដែលអ្នកត្រូវការពេលសម្រាក
មនុស្សជាច្រើនមានភាពរអៀសខ្លួនពេលដែលពួកគេសុំពេលសម្រាក។ ប៉ុន្តែប្រសិនបើមនុស្សមិនចេះឈានមួយជំហានថយក្រោយទេនោះ ពួកគេនឹងមានភាគរយកច្រើនក្នុងការបំផ្លាញសុខភាពរបស់ខ្លួនដើម្បីការងារ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព