ខេត្តពោធិ៍សាត់ ៖ លោកអេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង បានរុករកឃើញកន្លែងកម្សាន្ដជាបន្តបន្ទាប់នៅតំបន់ភ្នំនាគស ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជាក់ស្ដែង ថ្មីៗនេះ បានរកឃើញភ្នំអស់កង្វល់មួយទៀត ស្ថិតនៅខាងកើតភ្នំនាគស ។ លោកបានចលនាប្រជាពលរដ្ឋក្នុសហគមន៍ នាំគ្នាកាប់ឆ្ការធ្វើផ្លូវដើរឡើងទៅលើភ្នំ ដើម្បីរៀបចំកន្លែងឲ្យអ្នកដែលមានអារម្មណ៍ស្ត្រេសធុញថប់ ទៅអង្គុយមើលទេសភាពលំហែកាយ បំបាត់ទុក្ខកង្វល់ផ្សេងៗ ។ភ្នំអស់កង្វល់ គឺជាកូនភ្នំមួយតូចនៅកណ្ដាលគេ ហ៊ុមព័ទ្ធជុំវិញដោយភ្នំកងវ៉ា ភ្នំគុហ៍ និងភ្នំនាគស ។ នៅជើងភ្នំនាគស មានល្អាងព្រះនាងរំសាយសក់ដែលលោកអេង គន្ធា ចាប់អារម្មណ៍ជាងគេ ហើយកំពុងតែកសាងសព្វថ្ងៃនេះ ដោយបានដាក់ឈ្មោះថា «មណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិ» ។ ការអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ប្រវត្តិស្ត្រធម្មជាតិនេះ បានការជ្រោមជ្រែង និងទទួលស្គាល់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ជាអាជ្ញាធរដែនដី និងលោកកែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរនិងស្រុកកណ្ដៀង ។
សព្វថ្ងៃនេះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិ កសាងបានសមិទ្ធផលមួយចំនួនដូចជា ផ្លូវចូលទៅកាន់រមណីយដ្ឋានអាចចរាចរណ៍បានទាំងរថយន្ដតូច និងរថយន្ដធំ ។ ក្នុងបរិវេណមានដាំដើមឈើប្រណីត ផ្កាចម្រុះពណ៌ មានម្លប់ឫស្សីតាមមាត់អូរ កន្លែងចងអង្រឹង ស្ពាននិស្ស័យស្នេហ៍ រូបសំណាកព្រះនាងរំសាយសក់ រូបដំរី រូបតាឥសី ជ័យវរ្ម័ន សត្វស្រុក និងសត្វព្រៃ រូបមេទ័ពមានបារមី និងបន្ទប់ទឹកជាដើម ។ ជាមួយគ្នានេះលោកអេង គន្ធា កំពុងរៀបចំឲ្យស្ថាបត្យករ ឆ្លាក់រូបបដិមាដ៏ធំមួយព្រះអង្គ នៅលើកំពូលភ្នំដែលមានកំពស់២៨ម៉ែត្រ អាចមើលពីផ្លូវជាតិលេខ៥ទៅឃើញ ។លោកមីលីយ៉ា សុវត្ថិធី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ដែលជាជំនួយការឲ្យលោកអេង គន្ធា ឲ្យដឹងថា ការដាក់ឈ្មោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិនេះ ដោយផ្អែកទៅលើការរកឃើញរូបចម្លាក់ព្រះពុទ្ធបដិមាផ្ទុំមួយព្រះអង្គ ឆ្លាក់ជាប់នឹងជញ្ជាំងថ្មភ្នំកងវ៉ាតាំងពីសម័យចេនឡាមកម្ល៉េះ។ក្រៅពីនេះភ្នំ ផ្សេងៗដែលនៅក្នុងតំបន់នេះ រកឃើញភាជន៍ សំណាករូបនាងរំសាយសក់នៅក្នុងល្អាង និងព្រះបាតជាដើម ដែលចាស់ព្រឹទ្ធាចារ្យ អ្នកស្រុកអ្នកភូមិមានជំនឿថា ជាបារមីថែរក្សានៅតំបន់នេះ ។ តាមការសិក្សាស្រាវជ្រាវឲ្យដឹងថា កាលពីសម័យដើមតំបន់នេះជាព្រំប្រទល់ច្បាំងគ្នារវាងខ្មែរ និងខ្មែរ គឺចេនឡាទឹក និងចេនឡាគោក ។ រហូតដល់សម័យកណ្ដាលក៏ជាខ្សែត្រៀមចម្បាំងគ្នារវាងព្រះអង្គច័ន្ទរាជាជាមួយស្ដេចកន ដែលគេហៅថា ព្រះរាជាខាងកើត និងព្រះរាជាខាងលិច ។
ប្រភពដដែលបន្តថានៅក្នុងសម័យខ្មែរក្រហម ទីនោះជាកន្លែងសមរភូមិប្រយុទ្ធគ្នា និងជាកន្លែងលាក់ខ្លួនរបស់ក្រុមប៉ុល ពត ប៉ុន្តែបច្ចុប្បន្នបានប្រែក្លាយជាកន្លែងរមណីយដ្ឋានទៅវិញ ដោយសារប្រទេសជាតិមានសុខសន្ដិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខ ។ លោកអេង គន្ធា បានអំពាវនាវឲ្យអ្នកស្រុកក្នុងតំបន់នោះ ខិតខំបង្កើនជីវភាពតាមរយៈការដាំដំណាំ និងនាំគ្នាទៅលេងកម្សាន្តនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិ ពិសេសថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ ផ្សេងៗ ព្រោះផ្លូវធ្វើដំណើរស្រួល និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ៥ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព