អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រើឧបករណ៍គ្រឿងចក្រ វាយកម្ទេចរបងផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើការពង្រីកផ្លូវ ស្ថិតនៅត្រង់ចំណុច ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ប្រមាណច្រើនជាង១០គ្រួសារ បាននាំគ្នាប្រតិកម្មយ៉ាងខ្លាំង ទៅនឹង សកម្មភាពរបស់អាជ្ញាធរ ហើយបានចាត់ទុកថា នេះគឺជាទង្វើខ្វះសីលធ៌ម និងគ្មានក្តីមេត្តា ខណៈពេលធ្វើការវាយកម្ទេចរបងផ្ទះ ដោយមិនបានជូនដំណឹង ប្រាប់ប្រជាពលរដ្ឋឱ្យដឹងមុន។
ជុំវិញរឿងនេះ ប្រជាពលរដ្ឋមួយចំនួនដែលជាម្ចាស់ផ្ទះ បានយល់ព្រមរុះរើ ខណៈខ្លះទៀតបានធ្វើការតវ៉ា។ ចំពោះអ្នកដែលធ្វើការតវ៉ានេះ គឺពុំមែនធ្វើការជំទាស់ ឬរារាំងផែនការអភិវឌ្ឍន៍របស់អាជ្ញាធរទេ ប៉ុន្តែពួកគេទាមទារឱ្យអាជ្ញាធរ ត្រូវធ្វើការរុះរើរបងផ្ទះទាំងសងខាងផ្លូវ គឺពុំមែនអនុវត្តធ្វើតែម្ខាងនោះទេ។
ជាមួយគ្នាផងដែរ ប្រជាពលរដ្ឋនៅតំបន់កើតហេតុខាងលើ ក៏បានទទួចស្នើសុំឲ្យអាជ្ញាធរ ត្រូវធ្វើយ៉ាងណា គោរពតាមគោលការណ៍ច្បាប់ និងស្មើភាពគ្នា កុំមកវាយរុះរើតែខាងតែម្ខាងយ៉ាងដូច្នេះ។
សូមបញ្ជាក់ថា ហេតុការវាយកម្ទេចរបងផ្ទះប្រជាពលរដ្ឋនេះ គឺបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០៕ ដោយ៖ ត្នោត