
រាជធានីភ្នំពេញ ៖ តារាស្រីដែលនិយមនិយាយមួយៗ សុភាពរាបសារ កញ្ញា តាក់ ម៉ា ធ្លាប់បានបង្ហាញស្នាមញញឹមជាមួយភាពជោគជ័យលើសិល្បៈ។ ក្រោយមកក៏បាត់ស្ងាត់ពីវេទិកាតន្ត្រីជាច្រើនខែ រហូតខ្លះយល់ថា នាងលែងគិតគូរពីសិល្បៈ ព្រោះសម្បូរភាពប៉ែងជើងគ្នា។ ប៉ុន្តែផ្ទុយទៅវិញ នាងបែរជាទទួលបានសញ្ញាថ្មីគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីមានមុខលើវេទិកាប្រឡងចម្រៀងលក្ខណៈធំដុំមួយ។
មានការចាប់អារម្មណ៍ច្រើនឡើង ហើយពីទស្សនិកជនដែលកំពុងតែទស្សនាការប្រឡងចម្រៀង «I am a singer Cambodia season2» ស្រាប់តែលេចវត្តមាន តាក់ ម៉ា បង្ហាញខ្លួនតែម្តង។ នាងបានប្រុងប្រៀបផ្ចង់ស្មារតីខ្លាំងណាស់ ដើម្បីប្រជែងជាមួយតារាផ្សេងទៀត។ មានចម្ងល់បានផ្ទុះឡើងថា តាក់ ម៉ា ពិតជាតារាថ្មីរបស់ហង្សមាសឬបែបណា? ប្រសិនបើ នាងមានឱកាសចូល ហង្សមាស ហើយទ្រនំនេះពិតជាបន្តមើលឃើញនាងមែននោះ តាក់ ម៉ា ប្រាកដជាមានទឹកមាត់លេបជាមួយដងវិថីសិល្បៈសារជាថ្មី។ ហើយសារអបអរជាច្រើនត្រូវបានបង្ហោះជូនពរនាង ដែលមានវាសនាហក់មកទ្រនំមួយដែលរឹងមាំមានអនាគត។
ប្រសិនបើ តាក់ ម៉ា ចូលជាតារាហង្សមាសថ្មីមួយដួងទៀតនេះ និងជម្រុញឱ្យនាងដែលស្ងាត់ស្ងៀមក្នុងសិល្បៈហក់ឡើងភាពទាក់ទាញ ច្រើនខុសពីមុនមិនខាន។ តាក់ ម៉ា ធ្លាប់ក្លាយជាតារាចែងចាំងម្នាក់ ក្រោយពេលរសាត់ចូលផលិតកម្មអឹម និងបន្តសាន់ដេរ។ ប៉ុន្តែបរិបថបានប្រែប្រួលធ្វើឱ្យនាងស្ងាត់ពីមួយឆ្នាំទៅមួយឆ្នាំ គ្មានអ្នកតាមជ្រោមជ្រែង រហូតស្ទើរ បាត់វត្តមានពីវិថីនេះតែម្តង។ ក្រោយមកឃើញនាងងាកមកសម្តែងភាពយន្តខ្លះៗ ដែលមិនសូវធ្វើអោយគេតាមដាន។
វត្តមានចូលមកកាន់ទូរទស្សន៍ ហង្សមាស មានការសន្និដ្ឋានថា តាក់ ម៉ា ដែលមានឈ្មោះ ពិត (ណុប មុនីសោម៉ា) អាចក្លាយជាតារាហង្សមាស ព្រោះគុណសម្បត្តិ និងទឹកដមសំឡេងនាងក៏មានភាពទាក់ទាញ។ បើសិនជាពិតដូចនេះមែន តាក់ ម៉ា ពិតជាកក់ក្តៅ ព្រោះមានសាច់ញាតិនៅទីនោះស្រាប់ដែលជាតារាល្បី គឺលោក ណុប ប៉ាយ៉ារិទ្ឋ និងលោក នីកូ ជាសាច់ឈាមជីដូនមួយ។
កញ្ញា តាក់ ម៉ា គាត់ជាតារាចម្រៀងមួយរូបដែលផុសក្នុងក្រអៅដួងចិត្តមិត្តយុវវ័យ ដោយសារតែកញ្ញា មានការមមាញឹកជាការរកស៊ីជំនួញរបស់កញ្ញា ទើបធ្វើឱ្យគាត់សម្រចចិត្តផ្អាកអាជីពជាអ្នកចម្រៀងមួយរយៈ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព