រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេចរណ៍បានអះអាងថា សម្រាប់រយៈពេល២សប្ដាហ៍ ខែកក្កដា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរផ្ទៃក្នុងបានសម្រុកទៅកម្សាន្តតាមរមណីយដ្ឋានានានៅទូទាំងប្រទេសសរុបប្រមាណជាង៣១៣,៣០០នាក់ កើនឡើង ១.៦៧% បើធៀបនឹងរយៈពេល២សប្តាហ៍ចុង ខែមិថុនា ។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកថោង ខុន បានថ្លែងថា ក្នុងនោះភ្ញៀវជាតិមានចំនួន ៣០៧,៨០៩នាក់ កើនឡើង ២.៥៤% និងភ្ញៀវបរទេសមានចំនួន ៥,៤៩១នាក់ ថយចុះ៣០.៨៩% ។
តាមរយៈបម្រែបម្រួលភ្ញៀវទេសចរតាមសប្តាហ៍លោករដ្ឋមន្ត្រីបានសង្កេតឃើញថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងហាក់ស្ថិតក្នុងចំណុចថេរមួយ ហើយចំនួនភ្ញៀវទេសចរសរុបក៏ស្ថិតក្នុងរង្វង់ ៦០-៦៥ម៉ឺននាក់ក្នុងមួយខែថយចុះ ៣៥-៤០% បើប្រៀបធៀបនឹងមុនវិបត្តិកូវីដ១៩ ។ លោកថា ស្ថិរភាពនៃចំនួនខាងលើអាចបណ្តាលមកពីរដូវនេះជារដូវវស្សា ។
លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ទេសចរណ៍ដែលជាយុវជនចូលចិត្តធ្វើដំណើរកម្សាន្តតាមបែបផ្សងព្រេងទៅកាន់តំបន់អេកូទេសចរណ៍ ។ ចំពោះតំបន់ទេសចរណ៍ខេត្តសៀមរាប លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ខេត្តសៀមរាបដែលធ្លាប់តែជាគោលដៅទេសចរណ៍សំខាន់នៅមិនទាន់អាចទាក់ទាញភ្ញៀវទេសចរដូចមុនកូវីដបាននៅឡើយព្រោះកម្ពុជានៅមិនទាន់អនុញ្ញាតឱ្យមានការៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីជួយទាក់ទាញភ្ញៀវក្រៅពីទស្សនាប្រាសាទ ហើយសេវាកម្សាន្តមួយចំនួន ពិសេសនៅ Pub Street មិនទាន់មានការអនុញ្ញាតឲ្យមានដំណើរការឡើងវិញ ខណៈគោលដៅខេត្តសៀមរាបជាគោលដៅដែលភ្ញៀវត្រូវតែសម្រាកមួយយប់យ៉ាងតិចខុសពីខេត្តគោលដៅមួយចំនួនទៀត ដែលភ្ញៀវអាចទៅមកវិលល្ងាចបាន ។
លោកបញ្ជាក់បន្ថែមទៀតថា ក្នុងករណីខេត្តសៀមរាបងើបឡើងប្រហាក់ប្រហែលនឹងខេត្តផ្សេងនោះចំនួនភ្ញៀវទេសចរផ្ទៃក្នុងអាចនឹងហក់ឡើងដល់ចំណុច ៨០-៨៥% ថយចុះ ២០-២៥% ប៉ុណ្ណោះ បើប្រៀបធៀបនៅមុនពេលមានកូវីដ១៩ ។
ជាមួយគ្នានោះដែរ លោកសង្ឃឹមថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងនេះនឹងហក់ឡើងខ្ពស់មកវិញ នៅខែសីហា ដោយសាររាជរដ្ឋាភិបាលសម្រេចឲ្យមានថ្ងៃឈប់សម្រាករយៈពេលយូរ និងនៅខែកញ្ញាក៏ដល់រដូវបុណ្យភ្ជុំបិណ្ឌ ចំណែកឯខែបន្តបន្ទាប់ទៀត ក៏សម្បូរថ្ងៃឈប់សម្រាក ហើយស្ថានភាពកូវីដ១៩ ក៏អាចនឹងកាន់តែធូរស្រាលជាងនេះ ។
ឆ្លើយតបជាមួយបញ្ហានេះ លោកក៏បានអំពាវនាវដល់បុគ្គលិកបម្រើការសេវាទេសចរណ៍ និងអ្នកគ្រប់គ្រងត្រូវយកចិត្តទុកដាក់អនុវត្តិវិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានល្អប្រសើរជានិច្ច ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលកូវីដ១៩ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព