ចំនួនភ្ញៀវទេសចរក្នុងរយៈពេល២សប្ដាហ៍ នៃដើមខែកក្កដា ឆ្នាំ២០២០នេះ បានកើនឡើងចំនួន ៣១៣,៣០០នាក់ ដែលស្មើនឹង១.៦៧%។ នេះបើយោងតាមការអះអាង របស់រដ្ឋមន្ត្រីក្រសួងទេចរណ៍ លោក ថោង ខុន នៅលើគេហទំព័រហ្វេសប៊ុក។
លោកថោង ខុន បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវប្រមាណជាង៣១ម៉ឺននាក់នេះ ភ្ញៀវជាតិមានចំនួន ៣០៧,៨០៩នាក់ កើនឡើង ២.៥៤% និងភ្ញៀវបរទេសមានចំនួន ៥,៤៩១នាក់ ថយចុះ៣០.៨៩%។
គេកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុង ហាក់ស្ថិតក្នុងចំណុចថេរមួយ ហើយចំនួនភ្ញៀវទេសចរសរុបក៏ស្ថិតក្នុងរង្វង់ ៦០-៦៥ម៉ឺននាក់ ដោយក្នុងមួយខែថយចុះ ៣៥-៤០% បើប្រៀបធៀបនឹងមុនវិបត្តិកូវីដ១៩ ។ លោកថា ថេរភាពនៃចំនួនខាងលើ អាចបណ្តាលមកពីនេះជារដូវវស្សា។
ភាគច្រើន ភ្ញៀវទេសចរជាយុវជន គឺចូលចិត្តធ្វើដំណើរកម្សាន្តតាមបែបផ្សងព្រេង ទៅកាន់តំបន់អេកូទេសចរណ៍។
ដោយឡែកតំបន់ទេសចរណ៍ខេត្តសៀមរាប គឺនៅមិនទាន់អាចទាក់ទាញភ្ញៀវទេសចរ ដូចពីមុនទេ ព្រោះកម្ពុជានៅមិនទាន់អនុញ្ញាត ឱ្យមានការៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីជួយទាក់ទាញភ្ញៀវក្រៅពីទស្សនាប្រាសាទ៕ ដោយ៖ ត្នោត