អ្នកជំនាញផ្នែកសុខភាព នៃក្រសួងសុខាភិបាល កំពុងតាមដានស្ថានភាព មន្ត្រីទូតអាមេរិកពីរនាក់ ដែលត្រូវបានរកឃើញកើតមានករណីឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈពេលធ្វើដំណើរមកពីប្រទេសអាមេរិក។ នេះបើតាមការឲ្យដឹងពីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែសីហានេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីជនជាតិអាមេរិក២នាក់ វិជ្ជមានវីរុសកូវីដ-១៩ ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលមានអាសយដ្ឋាន ស្នាក់នៅបន្ទប់ដាច់ដោយឡែក នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា។
ជនជាតិអាមេរិកទាំងពីរនាក់ បានធ្វើដំណើរពីសហរដ្ឋអាមេរិកបន្តជើងហោះហើរលេខ KE689 នៅកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្ននេះ អ្នកជំងឺទាំងពីរនាក់ ស្ថិតនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិក រាជធានីភ្នំពេញ។
ក្រសួងបានឲ្យដឹងទៀតថា តាមជើងហោះហើរ ដែលរកឃើញជនជាតិអាមេរិកកាំងទាំងពីរនាក់នេះ មានអ្នកដំណើរសរុបចំនួន៩១នាក់ (ស្ត្រី៣៥នាក់ កុមារ ០៧នាក់ និងបុរស ៥២នាក់)៕ ដោយ៖ត្នោត