រាជធានីភ្នំពេញ ៖ «Video ចុងក្រោយ ដែលប្អូនស្រីធ្វើឲ្យខ្ញុំ រហូតដល់ពេលនេះ ខ្ញុំមិនទាន់បានបើកមើល video ហ្នឹងទេ ព្រោះខ្ញុំទទួលយកមិនបាន» នេះជាសម្តីបងស្រីរបស់នារីរងគ្រោះម្នាក់ ដែលបានលោតទឹកទន្លេ នៅលើស្ពានជ្រោយចង្វារ នាយប់ទាបភ្លឺឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ។
តាមរយៈគណនីមួយមានឈ្មោះ Chan Raksmey ដែលគេស្គាល់ថា ជាបងស្រីបង្កើតរបស់នារីរងគ្រោះ បានសរសេរសារ នៅម៉ោង១០និង២៧នាទីយប់ថ្ងៃទី១១ កញ្ញានេះថា «ម្ដាយរបស់ខ្ញុំ សន្លប់បាត់ហើយ ខ្ញុំអត់រឹងមាំ ទទួលយករឿងនឹងទេ តាំងពីព្រឹកដល់ពេលនេះ បាយទឹកអត់ទាន់ បានចូលពោះខ្ញុំ សូម្បីតែ១គ្រាប់ ខ្ញុំពិបាកផ្លូវកាយ និងផ្លូវអារម្មណ៌ណាស់ នេះជាលើកទី២ នឹងមនុស្ស២នាក់ហើយ ដែរខ្ញុំត្រូវរាប់រង់ទទួលខុសត្រូវតែឯង ខ្ញុំមិនទាន់ធ្វើអីបានទេ ក្រៅពីចាំដំណឹងពីប៉ូលីស ។ អរគុណ មិត្តភក្ដិទាំងអស់ នឹងក្នុងបណ្ដាញសង្គម ដែលជួយលើកទឹកចិត្ត នឹងបារម្ភ» ។
សូមរម្លឹកថា កាលពីម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិត នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីនារីរូបស្រស់ម្នាក់ មិនដឹងមានវិបត្តិអ្វីទេ បានសម្រេចចិត្តលោតទឹកទន្លេ ពីលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកនៅលើស្ពាន មានផ្កា១បាច់ និងស្បែកជើង១គូ តែប៉ុណ្ណោះ ។
នារីរងគ្រោះ មានឈ្មោះ ចាន់ ស្រីមាន អាយុ២២ឆ្នាំ ស្នាក់នៅខុនដូមួយកន្លែង នៅរាជធានីភ្នំពេញ ប្រើប្រាស់គណនីហ្វេសប៊ុកមានឈ្មោះថា «Gech Gech» ។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់ខាងលើនេះ បានចុះពីលើរថយន្តមួយគ្រឿង មានកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យ ពីក្រៅផងនោះ ។ ពេលចុះពីរថយន្ដនោះ ហាក់ដូចជាមានការប្រកែកគ្នា ទើបរថយន្តនោះ បើកទៅមុខបាត់ទៅ បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង ។ ស្រាប់តែនារីរូបនោះ បានដោះស្បែកជើងរួច ទុកផ្កា១បាច់ ដាក់ក្បែរស្បែកជើងនោះ ក៏លោតចូលទៅក្នុងទន្លេ លិចបាត់តែម្ដង ភ្លាមៗគេក៏បានរាយការណ៍ ទៅសមត្ថកិច្ច ដើម្បីជួយជនរងគ្រោះ ប៉ុន្តែនារីរងគ្រោះបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ ។
ទោះជាយ៉ាងណា ជុំវិញរឿងហេតុនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀត ខណៈនារីរងគ្រោះ ចាន់ ស្រីមាន នៅមិនទាន់រកឃើញនៅឡើយ មិនដឹងថា នាងស្លាប់ ឫមួយនៅរស់នោះទេ ៕ ផ្តល់សិទ្ធដោយ៖កៅហសន្តិភាព