ភ្នំពេញ ៖ ហាងកែច្នៃពុទ្ធបដិមា និងវត្ថុស័ក្ដិសិទ្ធិ ពីឆ្អឹងសត្វ ភ្លុក ចង្កូម ជាដើម ដែលមានយីហោ “ព្រះម៉ែនាគ” ស្ថិតនៅក្នុងទឹកដីខណ្ឌបឹងកេងកង ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយមានការសម្របសម្រួលពីតំណាងអយ្យការ ធ្វើការបង្ក្រាប កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០។
ក្រោយបង្ក្រាបជោគជ័យ សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងបង្ក្រាបយីហោឈ្មោះ “ជាងចម្លាក់ព្រះម៉ែនាគ” ស្ថិតនៅផ្ទះលេខ២៥០ ផ្លូវលេខ៣៧៦ ក្រុមទី១៣ ភូមិ០៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង មានម្ចាស់ឈ្មោះ ព្រហ្ម រតនៈ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។
សមត្ថកិច្ចបន្តថា ប្រតិបត្តិការបង្ក្រាបបទល្មើសសំណាកសត្វព្រៃជិតផុតពូជទាំងនេះ ធ្វើឡើងដោយមានលោកព្រះរាជអាជ្ញារង សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចាត់លោកកាន់ វីវៈ ជាក្រឡាបញ្ជីអមអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ ចូលរួមក្នុងការចុះបង្ក្រាបនេះ។
ក្នុងប្រតិបត្តិការ បានរកឃើញវត្ថុតាងបទល្មើសជាសំណាក់សត្វព្រៃ រួមមាន សំណាកភ្លុកដំរីចំនួន ៨ដុំ ស្មើនឹង ០,៥៩គីឡូក្រាម សំណាកភ្លុកដំរី ឆ្លាក់កែច្នៃចំនួន ១៧ដុំ ស្មើ ០,១៧៦គីឡូក្រាម ចែជ្រូកព្រៃ (ខ្នាយ) ស្រោបលោហៈ ចំនួន ១២ដុំ ចែជ្រូកព្រៃ ចំនួន ១៦ដុំ គល់ស្នែងប្រើសចំនួន ១ដុំ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានដកហូតបណ្តោះអាសន្ន យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ចំណែកឯម្ចាស់ទីតាំងត្រូវនាំខ្លួនទៅសាកសួរទៅតាមនីតិវិធី៕
ដោយ៖ ត្នោត