ប៉ោយប៉ែត៖ ប្រហិត និងឆ្អឹងមាន់ខូចគុណភាពជិត ១តោន ដែលឈ្មួញលួចនាំចូលពីថៃ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចាប់រឹបអូសកាលបានពីល្ងាចថ្ងៃទី ១៥ ខែកក្តដា ឆ្នាំ២០២០ នៅក្រោយផ្សារត្រី ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ស្លាប ជើងមាន់ និងឆ្អឹង ទាំងនោះ សុទ្ធតែជារបស់ថៃលក់សល់ និងខ្លះគេបោះចោលចេញពីកសិដ្ឋានចិញ្ចឹម ឬលក់ថោកៗឱ្យឈ្មួញខ្មែរទិញយកមកលក់នៅរាជធានីភ្នំពេញ។
វរសេនីយ៍ទោ យឹម នី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តឧត្តរមានជ័យ ប្រាប់ឲ្យដឹងថាការចុះបង្ក្រាបនេះ ធ្វើឡើងដោយមានកិច្ចសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដោយឃាត់រទេះដឹកទំនិញចំនួន ៣គ្រឿង ធ្វើការឆែកឆេររកឃើញមានសាច់មាន់ និងឆ្អឹងមាន់ខូចគុណភាព សរុបទម្ងន់ ៧៤៨គីឡូក្រាម ឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត។
លោកថា តាមចម្លើយសារភាព គឺសាច់មាន់ និងឆ្អឹងមាន់នេះ យកមកលក់តាមផ្សារក្នុងខេត្តនិ ងនាំចេញទៅលក់នៅតាមបណ្តាខេត្តមួយចំនួនទៀត និងរាជធានីភ្នំពេញ មិនដែលសល់ទេ។
ដោយឡែកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរងនគរបាលខេត្ត ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ប្រាប់ឲ្យដឹងដែរថា ចំពោះសាច់មាន់ និងប្រហិតចម្រុះ ដែលសមត្ថកិច្ចចាប់បាននៅក្រុងប៉ោយប៉ែត ជាទំនិញខូចគុណភាព ខណៈម្ចាស់ទំនិញទាំង ៣នាក់ ក្រោយពេលនាំខ្លួនទៅសាកសួរហើយ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត រីឯទំនិញខូចគុណភាពយកទៅដុតកម្ទេចចោលរួចហើយដែរ៕
ដោយ៖ ត្នោត