តាំងពីមានការផ្ទុះជំងឺកូវីដ ១៩ កន្លងមកអាជីវករប្រហែលជាមានសំណួរជាច្រើនដែលត្រូវការចម្លើយ ។ ហើយសំណួរមួយចំនួនអាចជះឥទ្ធិពលលើអនាគតអាជីវកម្មរបស់អ្នកបានដូច្នេះវាពិតជាសំខាន់ណាស់ក្នុងការពិចារណាឲ្យបានដិតដល់មុននឹងឆ្លើយសំណួរទាំងនោះ ។ ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកក្រោយការផ្ទុះជំងឺកូវីដ ១៩ អាជីវករត្រូវតែឆ្លើយសំណួរខាងក្រោមនេះ ៖
១. តើខ្ញុំគួរតែចាប់ផ្តើមលក់អនឡាញទេ?
សម្រាប់អាជីវកម្មជាច្រើន ពួកគេបានងាកទៅការលក់ និងផ្តល់សេវាកម្មអនឡាញវិញខណៈដែលមនុស្សព្យាយាមចៀសវាងកន្លែងដែលមានមនុស្សច្រើន ។ ការធ្វើដូច្នេះមានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជាផ្តល់ភាពបត់បែនដល់បុគ្គលិក ភាពងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផល និងថែមទាំងកាត់បន្ថយការចាយវាយក្នុងហាងដូចជាថ្លៃអគ្គិសនីជាដើម ។
ប៉ុន្តែវាក៏មានចំណុចខ្សោយមួយចំនួនដែរដូចជាការពិបាកទំនាក់ទំនងជាមួយបុគ្គលិក និងការប្រកួតប្រជែងដែលកំពុងមានភាពតានតឹងលើប្រព័ន្ធសង្គម ។ ជាក់ស្តែង អ្នកអាចធ្វើការពិសោធន៍ដោយខ្លួនឯងមុនពេលធ្វើការសម្រេចចិត្ត និងពិនិត្យមើលថាតើអ្នកត្រូវការជំនាញ ឬសម្ភារៈអ្វីទៀតទេដើម្បីធ្វើឲ្យការលក់អនឡាញរបស់អ្នកកាន់តែល្អប្រសើរឡើង?
២. តើខ្ញុំគួរត្រៀមខ្លួនសម្រាប់ពេលអាសន្ននាថ្ងៃខាងមុខដោយបែបណា?
មិនមាននរណាគិតថា ពិភពលោកនឹងជួបការផ្ទុះជំងឺកូវីដ ១៩ នេះទេ ប៉ុន្តែក្នុងនាមជាអាជីវករ អ្នកមិនអាចគិតតែពីការស្តាយក្រោយឡើយ ។ ផ្ទុយមកវិញ អ្ននកត្រូវតែយកវាជាមេរៀនសម្រាប់ថ្ងៃមុខ ។ មិនថាគ្រាអាសន្ននៅថ្ងៃមុខជាគ្រោះធម្មជាតិ ការផ្ទុះជំងឺមួយទៀត ឬគ្រោះភ័យផ្សេងៗទេ ផែនការរបស់អ្នកគួរតែរួមមានវិធីទំនាក់ទំនងជាមួយបុគ្គលិក មនុស្សដែលអ្នកត្រូវទាក់ទងដូចជាអតិថិជន ឬអ្នកផ្គត់ផ្គង់ និងជម្រើសក្នុងការធ្វើការផ្សេងដូចជាការលក់ និងធ្វើការអនឡាញជាដើម ។
៣. តើចំណុចខ្លាំង និងចំណុចខ្សោយក្នុងអាជីវកម្មខ្ញុំមានអ្វីខ្លះ?
កូវីដ ១៩ ជាឱកាសល្អមួយសម្រាប់ឲ្យអ្នកមើលឃើញពីចំណុចខ្វះខាតរបស់អាជីវកម្មមរបស់អ្នក ។ អ្នកអាចកត់ទុកនូវចំណុចខ្លាំង និងចំណុចខ្សោយរបស់អាជីវកម្មរបស់អ្នកនិងព្យាយាមរកវិធីដើម្បីពង្រឹងកន្លែងដែលអ្នកនៅខ្វះខាតដើម្បីថ្ងៃអនាគត ៕