រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ថែមទៀត នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០នេះ។ នេះជាករណីនាំចូលពីក្រៅប្រទេស ដែលមានជនជាតិខ្មែរ៣នាក់ និងអាមេរិក២នាក់។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ជនជាតិខ្មែរ៣នាក់នោះ មានបុរសអាយុ៣៤ឆ្នាំ និងកូនប្រុសបង្កើតអាយុ៥ឆ្នាំ ដែលមានអាស័យដ្ឋាននៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដែលបានទៅលេងឪពុកម្តាយ នៅសហរដ្ឋអាមេរិក តាំងពីខែមីនា ឆ្នាំ២០២០ ជាមួយភរិយា និងកូនស្រីម្នាក់ទៀត។
ករណី១ទៀត ជាស្ត្រីវ័យ៦០ឆ្នាំ មកពីអាមេរិក ហើយមានអាសយដ្ឋានស្នាក់នៅ ក្នុងបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ ដោយគាត់មានរោគសញ្ញាហៀរសំបោ តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។
ជាការកត់សម្គាល់របស់ក្រសួងសុខាភិបាល អ្នកទាំងបី បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរលេខ BR265 នៅតៃប៉ិ និងមកដល់កម្ពុជា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ ជើងហោះហើរនោះ មានអ្នកជិះសរុប៧៧នាក់ ទាំងខ្មែរ និងបរទេស។ អ្នកដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបន្តស្ថិតក្រោមចត្តាឡីស័ក១៤ថ្ងៃ ដោយ៨នាក់នៅទ័ពអាកាស និង៦៦នាក់នៅសណ្ឋាគារអូខេប៉ាឡេស។
ដោយឡែកជនជាតិអាមេរិក២នាក់ កំពុងស្ថិតនៅដាច់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ពួកគាត់បានធ្វើដំណើរពីអាមេរិក បន្តជើងហោះហើរលេខ KE689 នៅកូរ៉េខាងត្បូង ហើយមានដល់កម្ពុជានៅថ្ងៃទី១៥ ខែកក្កដា។ យន្តហោះដំបូងដែលពួកគាត់បានជិះ មានអ្នកដំណើរសរុប៩១នាក់ ដែលសុទ្ធតែជាជនជាតិបរទេសចម្រុះជាតិសាសន៍។ អ្នកអវិជ្ជមានត្រូវបន្តចត្តាឡីស័ក ដោយ១០នាក់នៅទ័ពអាកាស និង៧៩នាក់ ត្រូវបានដាក់ឲ្យស្នាក់នៅសណ្ឋាគារមួយក្នុងសង្កាត់បឹងកេងកង១។
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដានេះ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩សរុបទាំងអស់កើនដល់១៧១នាក់ ក្នុងនោះ១៣៣នាក់ បានសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលមាន៣៦នាក់៕ ប៊ុនធឿន