រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាបានស្នើឲ្យប្រជាពលរដ្ឋត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនៅពេលឃើញគ្រាប់មីនដោយកុំប្រមូលទុក ព្រោះខ្លាចផ្ទុះស្លាប់ ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា នៅថ្ងៃទី១៧ កក្កដាឆ្នាំ២០២០ បានសរសេរលើបណ្តាញសង្គម ចំពោះករណីពលរដ្ឋម្នាក់ប្រមូលគ្រាប់មីនទុកមួយកន្លែង ។
លោកសរសេរថា ម្ចាស់ចម្ការ ៖ ក្នុងរូងឈើនេះច្បាស់ណាស់ មានតែគ្រាប់មីនទេ គ្មានសត្វពស់ស្អីទេ! ព្រោះរូបខ្ញុំផ្ទាល់ជាអ្នករើសគ្រាប់មីនមកទុកក្នុងរូងឈើនេះ ព្រោះខ្លាចមនុស្ស-សត្វដើរជាន់វា ! ។
មន្ត្រីស៊ីម៉ាក់ ៖ ហើយបងរើសគ្រាប់មីនទាំងនេះមកពីណាមក ? ម្ចាស់ចម្ការ ៖ រើសពីក្នុងចម្ការ មួយឆ្នាំឃើញមួយ ឃើញ២អញ្ចឹងទៅ ! មន្ត្រីស៊ីម៉ាក់ ៖ ហើយបងបានរាយការណ៍ទៅប៉ូលិសមូលដ្ឋាន ឬទេ ? ម្ចាស់ចម្ការ ៖ អត់ផង អត់ផ្ទុះផង មិនដឹងរាយការណ៍ធ្វើស្អី? មន្ត្រីស៊ីម៉ាក់ ៖ ចាំផ្ទុះបានរាយការណ៍ទៅប៉ូលិស ឬអាជ្ញាធរ បងឯងមិនដឹងស្លាប់ ឬរស់ទេអញ្ចឹងនោះ ?
ម្ចាស់ចម្ការ ៖ ឃើញលើកក្រោយ ចាំទៅរាយការណ៍ ! សុំយកគ្រាប់មីនទាំងនេះសិនទៅ…… ខ្ញុំយល់ហើយ! ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព