ប្រទេសមីយ៉ាន់ម៉ា ៖ សភាអឺរ៉ុបកាលពីថ្ងៃទី១០ កញ្ញា បានផាត់មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី
អ៊ួងសាន់ ស៊ូជី ចេញពីសហគមន៍ពានរង្វាន់SAKHAROV ខាងសិទ្ធិមនុស្ស ដែលផ្ដល់ដល់
លោកស្រីកាលពីឆ្នាំ១៩៩០ ដោយសារការធ្វើទុក្ខបុកម្នេញប្រឆាំងសហគមន៍អ៊ិស្លាមរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា ។ នេះជាសេចក្ដីសម្រេចមួយធ្វើឡើងដោយប្រធានសភាអឹរ៉ុប និងប្រមុខបណ្ដាក្រុមនយោបាយដែលចូលរួមក្នុងសន្និសីទរបស់ប្រធានក្រុម ។
ក្នុងសេចក្ដីប្រកាសមួយសភាអឹរ៉ុបគូសបញ្ជាក់ថា ការសម្រេចរបស់សន្និសីទនៃបណ្ដាប្រធានក្រុមនយោបាយ បដិសេធជាផ្លូវការពានរង្វាន់ SAKHAROV ដែលប្រគល់ឲ្យលោកស្រីស៊ូជី ដែលនោះជាការដាក់ទណ្ឌកម្មចពោះការមិនអើពើ និងមិនព្រមទទួលយកបណ្ដាឧក្រិដ្ឋកម្មដែលកំពុងមានប្រឆាំងសហគមន៍រ៉ូហ៊ីងយ៉ា ។
វិធានការពុំធ្លាប់មានពីមុនមកនោះរបស់សភាអឹរ៉ុបកើតមាន ខណៈអតីតយោធាមីយ៉ាន់ម៉ា២នាក់ទទួលស្គាល់ថា បានប្រព្រឹត្តតាមបទបញ្ជារបស់ថ្លាក់លើធ្វើទុក្ខបុកម្នេញប្រឆាំងពួករ៉ូហ៊ីងយ៉ា ហើយអ្នកទាំង២អាចក្លាយជាសាក្សីនៅមុខតុលាការអន្តរជាតិ ។
សេចក្ដីប្រកាសបន្តថា ខណៈដែលលោកស្រីស៊ូជី ធ្លាប់តែជានិមិត្តរូបនៃសេរីភាពនិងលទ្ធិប្រជាធិបតេយ្យក្នុងពេលដ៏យូរស្ថាប័នរបស់យើងកត់សម្គាល់ឃើញដោយបារម្ភថា ក្នុងឋានៈជាមេដឹកនាំប្រទេស លោកស្រីស៊ូជីពុំបានប្រើតួនាទីណាមួយរបស់លោកស្រី ដើម្បីការពារសិទ្ធិរបស់ពួករ៉ូហ៊ីងយ៉ាឡើយ ។ ផ្ទុយទៅវិញលោកស្រីបែរជាគាំទ្រដល់កងទ័ពលោកស្រីដែលប្រព្រឹត្តការធ្វើ
ទុក្ខបុកម្នេញនោះ ។
បណ្ដាអ្នកវិភាគយល់ថារឿងពួករ៉ូហ៊ីងយ៉ាជារឿងដ៏រសើបបំផុតសម្រាប់មីយ៉ាន់ម៉ា ដែលមិនទទួលស្គាល់ពួកនោះជាពលរដ្ឋខ្លួនឡើយ ។ ក្នុងការបោះឆ្នោតសភាខាងមុខនេះគណបក្សលោកស្រីសង្ឃឹមជាអ្នកឈ្នះទៀតព្រោះប្រជាជនភាគច្រើននៅតែគាំទ្រលោកស្រី ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព