ខេត្តបន្ទាយមានជ័យ៖ មាន់រស់ចំនួន៧០០ក្បាលគ្មានច្បាប់ បានកម្លាំងនគរបាលអធិ ការ ដ្ឋាន ស្រុកស្វាយចេក ចាប់ប្រគល់ជូនពេទ្យសត្វនៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលស្រុកស្វាយចេក បានឃាត់រថយន្ត១គ្រឿងដឹកមាន់រស់ចំនួន១០០តាការ ស្មើមាន់រស់៧០០ក្បាល និងម្ចាស់អ្នកបើកបរចំនួន២នាក់ នៅវេលាម៉ោង២៤.០០នាទីកាលថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០នៅក្នុងភូមិសាស្ត្រ ស្រុកស្វាយចេក។
លោកបញ្ជាក់ថា រថយន្តដែលដឹកមាន់រស់ម៉ាក់នីស្សាន់ ពាក់ស្លាក់លេខ ខ៥៧៩៦ភព២ និងអ្នកបើកបរ១-ឈ្មោះ ទឿន សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកូនក្អែក ឃុំមង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ២-ឈ្មោះ នុំ ភត្ត្រា ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិជ្រាវ ឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖មាន់រស់ចំនួន៧០០ក្បាលម្ចាស់និងអ្នកបើកបរ២នាក់ក្រោយពេលឃាត់សាកសួរ ប្រគល់ជូនមន្ត្រីការិយាល័យផលិកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់។
លោកបានបញ្ជាក់ថា៖ តាមចម្លើយម្ចាស់ គឺមាន់រស់ត្រូវបានទិញពីឈ្មួញថៃដឹកមកអោយតាមបន្ទាត់ព្រំដែនភូមិសាស្គ្រស្រុកស្វាយចេក ហើយមាន់រស់នេះគ្មានច្បាប់ បានប្រគល់ជូនមន្ត្រីជំនាញពេទ្យសត្វអនុវត្តតាមច្បាប់ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព