រាជធានីភ្នំពេញ ៖ យុវជនពីរនាក់បានជិះម៉ូតូមួយគ្រឿង ចេញពីធ្វើការត្រឡប់ទៅផ្ទះវិញលុះដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពធាក់ម៉ូតូរបស់ពួកគេបណ្តាលអោយដួលរងរបួសនិងខូចខាតម៉ូតូយ៉ាងដំណំ។ ពេលនោះ ក៏ស្រាប់តែលេចមុខបុរសម្នាក់ បានមកអះអាងថា បុរស2នាក់ដែលត្រូវគេធាក់ឱ្យដួលនោះបានយកដុំថ្មគប់ផ្ទះគាត់ ដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងនៅវេលាម៉ោង 9យប់ថ្ងៃទី១៦ ខែកក្កដា ទល់មុខផ្សារសុវណ្ណាផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ ។
តាមសម្ដីយុវជនពីរនាក់បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ទាំងពីរនាក់បានចេញពីធ្វើការនៅម្ដុំបុរីអ័រគីដេ ដោយបានជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ 2020 ធ្វើដំណើរតាមផ្លូវ 271 ទិសដៅពីជើងទៅត្បូងគោលបំណងត្រឡប់ទៅផ្ទះនៅម្ដុំផ្សារច្បារអំពៅ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានពួកក្រុមជនសង្ស័យមួយក្រុម បានជិះម៉ូតូជាច្រើនគ្រឿង បានមកធ្វើជាសកម្មភាពធាក់ម៉ូតូរបស់ពួកគេទាំងពីរនាក់បណ្ដាលឲ្យដួលត្រឡប់ត្រឡិនតែម្ដង មិនតែប៉ុណ្ណោះក្រុមជនសង្ស័យទាំងនោះក៏បានយកដុំថ្មវាយបំផ្លាញម៉ូតូបណ្តាលឲ្យរងការខូចខាត និងធ្វើឲ្យគាត់ពីរនាក់និងរងរបួសរលាត់ដៃរលាត់ជើងគួរសមផងដែរ ។
ប្រភពបានបន្តទៀតថា បន្ទាប់ពីវាយពួកគេហើយក្រុមជនសង្ស័យទាំងនោះ ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់តែម្ដង ហើយបន្តិចក្រោយមកក៏ស្រាប់តែលេចមុខបុរសម្នាក់បានចេញមុខនិយាយអះអាងថា ពួកគេទាំងពីរនាក់បានយកដុំថ្មចូលផ្ទះរបស់គាត់ដោយមិនដឹងមូលហេតុហើយជិះម៉ូតូរត់គេចខ្លួនក៏ត្រូវមកដួលម៉ូតូកន្លែងនេះតែម្ដង ។
ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមកក៏មានការបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីសួរនាំផងដែរ លុះសមត្ថកិច្ចទៅដល់ភាគីខាងបុរសម្នាក់ដែលអះអាងថាខ្លួនត្រូវបានជនទាំង 2 នាក់នោះគប់ផ្ទះក៏មិនដឹងផ្ដល់អ្វីដែលហើយក៏បានជិះម៉ូតូកង់បីគេចចេញពីកន្លែងកើតហេតុបាត់ ។
ក្រោយកើតហេតុ នៅសល់តែបុរសពីរនាក់ដែលរងរបួសព្រមទាំងម៉ូតូខូចខាត បានទំនាក់ទំនងហៅបងប្អូនសាច់ញាតិឲ្យមកទទួលត្រឡប់យកទៅផ្ទះវិញ ។ លុះព្រឹកទើបបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី 2 ដើម្បីឱ្យសមត្ថកិច្ចជួយរកជនសង្ស័យដែលបង្កហិង្សាមកលើពួកគាត់មកទទួលខុសត្រូវលើករណីនេះ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព