ប្រជាជនរាប់ពាន់គ្រួសារបង្ខំចិត្តរត់គេចចេញពីអណ្តាតភ្លើងនៅភាគខាងលិចអាមេរិក
សហរដ្ឋអាមេរិក ៖ ពួកអ្នកពន្លត់ភ្លើងកាលពីថ្ងៃទី១០ កញ្ញា បន្តតស៊ូប្រឆាំងភ្លើងឆះព្រៃខ្លាំងក្លាជាង១០០កន្លែង ចាប់តាំងពីច្រើនថ្ងៃមកហើយនៅតំបន់ឆ្នេរសមុទ្រខាងលិចនៃសហរដ្ឋអាមេរិក ខណៈមនុស្សយ៉ាងតិច១០នាក់ហើយបានត្រូវបាត់បង់ជីវិត ក្នុងនោះមានកូនង៉ែតម្នាក់ផង ហើយបង្ខំឲ្យប្រជាជនច្រើនសិបពាន់គ្រួសាររត់គេចចេញពីអណ្ដាតភ្លើង ។
នៅភាគពាយ័ព្យរដ្ឋកាលីហ្វ័រនីញ៉ាភ្លើងឆេះព្រៃមានឈ្មោះថា AUGUST COMPLEX FIRE ដែលមានភ្លើងឆេះព្រៃសរុប៣៧កន្លែង ប៉ះពាល់ដល់ព្រៃឈើ MENDOCINO ចាប់ពីថ្ងៃទី១៧ សីហាមក ហើយជាផ្លូវការកាលពីថ្ងៃទី១០ កញ្ញា ក្លាយជាភ្លើងឆេះព្រៃដែលរាលដាលខ្លាំងបំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។ ការបំផ្លាញព្រៃឈើមានប្រមាណជាជាង១៩០.០០០ហិកតា ។
ភ្លើងព្រៃក៏ឆេះរាលដាលខ្លាំងដែរនៅរដ្ឋវ៉ាស៊ិនតោនភាគខាងជើង ជាប់ព្រំដែនជាមួយកាណាដា
រហូតដល់ទីក្រុងសាន់ឌីយេហ្គោនៅព្រំដែនជាមួយម៉ិកស៊ិក ។ ភ្លើងឆេះព្រៃខ្លាំងបែបនោះ ដោយ
សារភាពរាំងស្ងួតរ៉ាំរៃ និងខ្យល់បោកបក់ខ្លាំង ដែលហាក់ចុះថយបន្តិចនាថ្ងៃទី១០ កញ្ញា ។នៅរដ្ឋអូរីហ្គោនទីក្រុងយ៉ាងតិច៥រងការបំផ្លាញធ្ងន់ធ្ងរ ហើយមនុស្សប្រមាណជា៤០.០០០នាក់បានត្រូវជម្លៀសចេញ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព