ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រមាណជិត៣០០នាក់មកពីក្រុងប៉ោយប៉ែត នាំគ្នាតវ៉ារឿងទំនាស់ដីធ្លី ត្រូវបានលោកអភិបាលរងខេត្ត អញ្ជើញចូលសាលប្រជុំទាំងអស់ ដើម្បីប្រជុំរកដំណោះស្រាយត្រូវបានប្រជុំនៅថ្ងៃទី១៥ កក្កដា ។
តំណាងប្រជាពលរដ្ឋបានប្រាប់ថា៖ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ៥៨៩គ្រួសារ លើផ្ទៃដីទំហំ១០៣ហិកតា ដែលស្ថិតនៅក្នុងសង្កាត់.ក្រុងប៉ោយប៉ែត ត្រូវបានប្រជាពលរដ្ឋកាន់កាប់មានលំនៅឋានអាស្រ័យផល តាំងឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន ហើយត្រូវបានមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយសំណង់ និងសុរិយោលដីខេត្ត បានចុះវាស់វែងនិងកំណត់ព្រំ ដើម្បីចុះបញ្ជីដីធ្លីហើយរហូតដល់ពេលនេះ មិនទាន់ឃើញប្រគល់ប័ណ្ណកម្មសិទ្ធិជូន ព្រោះតែទំនាស់ធ្លីជាមួយភាគីម្ខាងទៀតមិនទាន់ស្រាយបញ្ចប់បានអស់បន្លាយរាប់ឆ្នាំ។
កន្លងមក ប្រជាពលរដ្ឋបានសុំអោយអាជ្ញាធរក្រុងប៉ោយប៉ែតជួយដោះស្រាយជូនដែលមានអភិបាលក្រុង២ទៅរូបហើយនៅតែដោះមិនចេញ ទើបនាំគ្នាសម្រេចចិត្តទៅតវ៉ានៅភ្នំពេញតែគ្មានដំណោះស្រាយហើយប្រជាពលរដ្ឋប្រមាណជិត៣០០នាក់នាំគ្នាមកតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យត្រូវបានអភិបាលរងខេត្តហៅចូលសាលប្រជុំទាំងអស់គ្នាធ្វើការដោះស្រាយតែមិនទាន់ទទួលបានលទ្ធផលនៅឡើយ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ រយៈពេលកន្លងទំនាស់ដីធ្លីដែលកើតឡើងតែងតែប្រជាពលរដ្ឋពឹងពាក់អ្នករត់ការដោះស្រាយមិនចេញគេបោកយកលុយអស់ ទើបនាំគ្នារត់រកអាជ្ញាធរជួយអន្តរាគមន៍ អោយជួយដោះស្រាយជូន តែអាជ្ញាធរនៅតែខិតខំប្រឹងប្រែង ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ ការរកដំណោះស្រាយ ដើម្បីទទួលបានជោគជ័យ គឺទុកពេលអោយគណៈកម្មការដោះស្រាយវិវាធដីធ្លីខេត្តអោយមន្ត្រីជំនាញចុះពិនិត្យនិងស្រាវជ្រាវជាក់ស្តែង ដើម្បីរកគន្លឹះ និងដោះស្រាយជូនប្រជាពលរដ្ឋអោយឆាប់ហើយទទួលបានយុត្តិធម៌ ត្រូវជឿជាក់ចំពោះអាជ្ញាធរធ្វើការដោះស្រាយជូន ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព