ខេត្តបន្ទាយមានជ័យ ៖ ចំនួនរថយន្ត និងអាជីវករខ្មែរចូលទៅពិនិត្យទំនិញនៅក្នុងផ្សាររុងក្លឿហាក់មានការថយចុះជាបន្តបន្ទាប់ សង្ស័យអាចមកពីភាគីថៃទាមទារលក្ខ័ខ័ណ្ឌច្រើនពេក ។
បើតាមរបាយការណ៍របស់គណៈកម្មការទទួលសំណើរអាជីវករខ្មែរនៅចំណុចស្ថានីយរថភ្លើង ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ដើម្បីចូលពិនិត្យទំនិញនៅផ្សាររុងក្លឿស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បានឱ្យដឹងថា អាជីវករដែលចូលទៅពិនិត្យទំនិញនៅផ្សាររុងក្លឿមានការថយចុះ ។
តាមរយៈរបាយការណ៍ចំនួន៣ថ្ងៃសម្រាប់អាជីវករចូលទៅពិនិត្យទំនិញលើដីថៃ(ផ្សាររុងក្លឿ)ខុសគ្នាជាបន្តបន្ទាប់ ។ ជាក់ស្តែងអាជីវករលក់ដូរនៅផ្សារបេនចាវ៉ាន់ ដែលបានដាក់ពាក្យស្នើរសុំកាលពីថ្ងៃទី១៤ កក្កដា ហើយត្រូវចូលទៅពិនិត្យទំនិញកាលពីថ្ងៃទី១៥ កក្កដា២០២០ មានចំនួន៦៨នាក់ រថយន្តចម្រុះចំនួន៣៩គ្រឿង អាជីវករដែលដាក់ពាក្យសុំពីថ្ងៃទី១៥ ចូលថ្ងៃទី១៦ កក្កដា ២០២០ គឺទៅផ្សាររ៉ាត់តាន់ណាក់ថាំ ចំនួន៣៥នាក់រ ថយន្ត១៨គ្រឿង ដោយឡែកអាជីវករដែលដាក់ពាក្យថ្ងៃទី១៦ នេះត្រូវចូលទៅថ្ងៃទី១៧ កក្កដា គឺទៅផ្សារ(ដែតថៃ) ចំនួន១៨នាក់ និងរថយន្តចំនួន៩គ្រឿង ។
ករណីថយចុះចំនួនអាជីវករចូលទៅដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក បើប្រភពពីមន្ត្រីនិយាយថា មកពីខាងភាគីថៃទាមទារលក្ខ័ខណ្ឌបន្ថែមដូចជាតម្រូវឲ្យរាល់រថយន្តត្រូវបង់ធានារ៉ាប់រង (Insurance) ១ឆ្នាំ៨០០បាត ។ ដោយឡែកអ្នកប្រើប្រាស់រថយន្តគេដើម្បីចូលទៅពិនិត្យទំនិញនៅផ្សាររុងក្លឿត្រូវមានលិខិតបញ្ជាក់ពីម្ចាស់ដើមឲ្យបានត្រឹមត្រូវថែមទៀត។
ទោះបីជាយ៉ាងណាក៍ដោយ កាធ្លាក់ចុះចំនួនអាជីវករចូលទៅពិនិត្យទំនិញនេះ មន្ត្រីខាងលើថា ក៏អាចបណ្តាលមកពីចំណុចផ្សារខ្លះមានអាជីវករខ្មែរលក់ដូរតិចផងដែរ។
អាជីវករខ្មែរដែលចូលទៅពិនិត្យទំនិញលើទឹកដីថៃគឺចូលបាន១ថ្ងៃ១០០នាក់ និងរថយន្ត៥០គ្រឿង ហើយការឆ្លងព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹកចាប់ផ្តើមរៀងរាល់ម៉ោង៨ព្រឹកហើយត្រូវចេញមកវិញឲ្យអស់ម៉ោង១រសៀល ដោយគេអនុញ្ញាតឲ្យយកទំនិញចេញមកដីខ្មែរវិញបាន តែមិនអនុញ្ញាតឲ្យនៅលក់ដូរឬដឹកទំនិញថ្មីទៅផ្សាររុងក្លឿបន្ថែមឡើយ។
តាមប្រភពព័ត៌មានឱ្យដឹងថា អាជីវករដែលចូលទៅពិនិត្យទំនិញតាមតូបនីមួយៗត្រូវគេការពារយ៉ាងតឹងរ៉ឹងមិនអាចដើរហើរទៅកន្លែងផ្សេងៗខុសពីតូបរៀងៗខ្លួនឡើយ។ ដ្បិតភាគីថៃអនុញ្ញាតឲ្យអាជីវករខ្មែរដឹកទំនិញមកដីខ្មែរវិញបាន តែអាជីវករស្ទើរទាំងអស់មិនបានដឹកទំនិញត្រឡប់មកវិញនោះទេ ត្រឹមដឹកទំនិញតិចតួចតាមរថយន្តតូចៗផ្ទាល់មកប្រើប្រាស់តែបណ្ណោះ ។ អាជីវករភាគច្រើនសំណូមពរចង់ចូលទៅពិនិត្យទំនិញលើដីថៃដោយប្រើប្រាស់យានយន្ត(ម៉ូតូ, រថយន្ត)ដូចមុនសម័យកូវីដ១៩ ពោលគឺដូចកាលពួកគាត់ចេញចូលទៅលក់ដូរពីមុន៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព