ខេត្តក្រចេះ ៖ រសៀលថ្ងៃទី១៥ កក្កដា ក្រសួងរ៉ែ និងថាមពល មានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្ដុះបណ្ដាលស្ដីពីហានិភ័យស្ថានីយ និងសារាចរសុវត្តិភាព សម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈជាមួយអាជ្ញាធរមូលដ្ឋានក្នុងខេត្តក្រចេះរយៈ២ថ្ងៃ ។ ដោយសិក្ខាសាលាធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងការអញ្ជើញចូលរួមពីលោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងសិក្ខាកាមប្រមាណជាង ៤០នាក់ផង ។
លោក ភឹម ភីរ៉ា អភិបាលរងខេត្តបានគូសបញ្ជាក់ថា ៖ វិស័យរ៉ែនិងថាមពលក្នុងខេត្តក្រចេះ មានការរីកចម្រើនគួរកត់សម្គាល់ ដោយផ្អែកលើសក្តានុពលធនធានធម្មជាតិ។ ដោយឡែក ចំពោះការងារប្រេងកាត ក្នុងនោះខេត្តមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន 80 ស្ថានីយក្នុងស្ថានីយប្រេងឥន្ធនៈមាន73ស្ថានីយ ស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈចំនួន 7 ។
ស្ថានីយក្នុងចំណោម 80 ស្ថានីយនេះ មានអ្នកស្នើសុំសរុបចំនួន 48 ស្ថានីយ និងពុំទាន់ស្មើនឹងចំនួន 32 ស្ថានីយ៍ ក្រសួងរ៉ែ និងថាមពល បានចេញលិខិតអនុញ្ញាតឲ្យដំណើរការស្ថានីយប្រេងឥន្ធនៈចំនួន 15 ស្ថានីយ ស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈចំនួន 4 ស្ថានីយ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពចំនួន 6 ស្ថានីយ បញ្ជូនមកកែតម្រូវចំនួន 14 ស្ថានីយនឹងមិនទាន់ឆ្លើយតបចំនួន 9 ស្ថានីយ ។
មានប្រសាសន៍ពីឯកឧត្តមរដ្ឋលេខាធិការ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទោះជាយើងមានបទបញ្ញត្តិប្រេងកាតឆ្នាំ 1991 និងសារាចរស្ដីពីសុវត្តិភាពសម្រាប់ការរៀបចំស្ថានីយប្រេង ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈប៉ុន្តែលិខិតបទដ្ឋានគតិយុត្តទាំងនេះពុំ ទាន់មានលក្ខណៈគ្រប់គ្រាន់សម្រាប់អនុញ្ញាតឲ្យក្រសួងរ៉ែនិងថាមពល បំពេញការងារបានពេញលេញនៅឡើយទេ ចំណែកបងប្អូនអាជីវករ និងអាជ្ញាធរពាក់ព័ន្ធក៏មានការលំបាក និងមានភាពមិនទាន់ច្បាស់លាស់ ក្នុងការប្រកបអាជីវកម្ម និងអនុវត្តការងាររបស់ខ្លួនពាក់ព័ន្ធវិស័យប្រេងកាត និងឧស្ម័ននេះឲ្យមានភាពអនុលោម ទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តផងដែរ ។
ឯកឧត្តមបន្តថា ៖ ឥឡូវនេះ គឺជា ការបើកសករាជថ្មី ដោយច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ត្រូវបានអនុម័តដាក់អោយប្រើប្រាស់ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី 12 ខែកក្កដាឆ្នាំ 2019 រួចហើយ។
ទន្ទឹមនេះយោងតាមវត្តបញ្ញត្តិ នៃច្បាប់ថ្មីនេះក្រសួង បានចាត់តាំងមន្ត្រីអធិការកិច្ចប្រេងកាត ដោយមានសមាសភាពមន្ត្រីពីអគ្គនាយកដ្ឋានប្រេងកាត និងមន្ទីររាជធានីខេត្ត ដែលនឹងត្រូវផ្ដល់នីតិសម្បទាជានគរបាលយុត្តិធម៌ លើសពីនេះក្រសួងក៏បានបង្កើតក្រុមការងារចុះត្រួតពិនិត្យ និងអធិការកិច្ចក្នុងវិស័យប្រេងកាត ដែលដឹកនាំដោយថ្នាក់ដឹកនាំក្រសួង មានតួនាទីដឹកនាំសម្របសម្រួលការងារ របស់មន្ត្រីអធិការកិច្ចប្រេងកាត ក្នុងគោលដៅ-ដើម្បីពង្រឹងអនុលោមរួមមាន៖
-ការផ្សព្វផ្សាយអប់រំ និងបណ្ដុះបណ្ដាល
-ការពង្រឹងការអនុវត្តច្បាប់ និងទីបីការចាត់វិធានការច្បាប់ រួមមានការផាកពិន័យ និងការកសាងឯកសារទៅតុលាការ
-ក្រុមការងារចុះត្រួតពិនិត្យនិងអធិការកិច្ច ក្នុងវិស័យប្រេងកាតក៏និងពិនិត្យផងដែរពីលទ្ធភាពនៃការធ្វើវិមជ្ឈការងារ និងវិសហមជ្ឈការការងារ នៅថ្នាក់ក្រោមជាតិនាពេលសមស្របខាងមុខ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព