រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល តាមរយៈលោកស្រី ឱ វណ្ឌឌីន បានច្រានចោលចំពោះ ករណីជនជាតិវៀតណាម ០៣នាក់ ដែលសារព័ត៌មានវៀតណាម VN Express បានចុះផ្សាយថា ពួកគេទាំង៣នាក់ ចេញពីប្រទេសកម្ពុជា បានធ្វើតេស្តវិជ្ជមាន ចំពោះវីរុសកូវីដ-១៩ ពេលទៅដល់វៀតណាម ។
លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល អោយដឹងថា ករណីនេះ គឺជនជាតិវៀតណាមទាំងនោះ ទំនងឆ្លងនៅប្រទេសខ្លួននោះទេ ។
សូមជម្រាបថា សារព័ត៌មានវៀតណាមខាងលើនេះ ចេញផ្សាយកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ថា បុរសម្នាក់ អាយុ៣៥ឆ្នាំ ដែលបានធ្វើដំណើរជាមួយកូនប្រុស អាយុ២ឆ្នាំ របស់គាត់ ត្រឡប់មកពីប្រទេសកម្ពុជា ចូលតាមច្រកទ្វារព្រំដែនម៉ុកបៃ ក្នុងខេត្តតានិញ កាលពីថ្ងៃទី២៦ ខែសីហា ។ ការធ្វើតេស្តលើកដំបូងរបស់ពួកគេ គឺអវិជ្ជមាន ប៉ុន្តែលើកទី២ ត្រឡប់ជាវិជ្ជមានវិញ នៅថ្ងៃចន្ទ ទី៧ កញ្ញានេះ ។ ហើយស្ត្រីម្នាក់ទៀត អាយុ២៦ឆ្នាំ ក៏ជាអ្នកត្រឡប់មកកម្ពុជាវិញ ចូលប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែសីហា ។ នាងបានធ្វើតេស្តិ៍អវិជ្ជមាន លើកដំបូងដូចគ្នា ប៉ុន្តែលទ្ធផលកាលពីថ្ងៃចន្ទ គឺវិជ្ជមាន ។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ដែលសារព័ត៌មានវៀតណាមតែងតែផ្សាយបែបនេះ គឺបានចេញផ្សាយដោយគ្មានមូលដ្ឋានច្បាស់លាស់ ជាច្រើនលើកច្រើនសារ មកហើយ ។ តើប្រទេសជិតខាងមួយនេះ មានចេតនាអ្វីឲ្យពិតប្រាកដ ?
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព