អាជ្ញាធរខេត្តស្រះកែវថៃ កាលពីថ្ងៃម្សិលមិញ បានអនុញ្ញាតឲ្យអាជីវករខ្មែរ ចូលទៅពិនិត្យមើលទំនិញរបស់ខ្លួន ដែលដាក់លក់នៅក្នុងផ្សាររុងក្លឿនិងផ្សារជាច្រើនទៀត នៅក្នុងទឹកដីថៃ។
ជាមួយគ្នានេះ អាជីវករខ្មែរ៦៨នាក់ ដែលមានរថយន្តចម្រុះ៣៩គ្រឿង ត្រូវភាគីថៃអនុញ្ញាតឲ្យចូលទៅកាន់ផ្សារបេនចាវ៉ាន់ ដើម្បីពិនិត្យទំនិញតាមតូបរៀងខ្លួនៗ។
បើតាមមន្ត្រីបំរើការងារនៅស្ថានីយរថភ្លើង ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែតបានប្រាប់ថា តាមគោលការណ៍របស់ថៃ គឺអនុញ្ញាតឲ្យអាជីវករខ្មែរ ចូលទៅផ្សាររុងក្លឿមានកំណត់ គឺក្នុង១ថ្ងៃរថយន្ត៥០គ្រឿង។ ហើយមនុស្សអាចចូលបាន១០០នាក់ និងរថយន្ត១គ្រឿង មនុស្ស២នាក់ អ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់។
ជាមួយគ្នាផងដែរ អាជ្ញាធរនៅតំបន់ខាងលើ បានជួយសម្របសម្រួល ដើម្បីបង្កភាពងាយស្រួលដល់អាជីវករខ្មែរ អាចចូលទៅកាន់ទឹកដីថៃ ប្រកបដោយភាពរលូន និងសុវត្ថិភាព។
ដោយឡែក អាជីវករខ្មែរផ្សេងទៀត ដែលមានលក់តូបលក់ នៅតាមទីតាំងផ្សារផ្សេងៗទៀត ដូចជាផ្សារឥណ្ឌូចិន ផ្សារហ្គោលដឹនក្រែន ផ្សារអ,ប,ច ផ្សាររ៉ាត់តាន់ណាក់ថាំ និងផ្សារដែតថៃ គឺត្រូវតែបំពេញបែបបទស្នើសុំ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃនេះតទៅ ពោលគឺឱ្យបានមុនថ្ងៃចូលដីថៃ១ថ្ងៃ។ ដោយ៖ ត្នោត