អ័ព្ទផ្សែងយ៉ាងសន្ធោសន្ធៅ ដែលបានហើរចេញ ពីបំពង់ឡឥដ្ឋ រោងចក្រមួយកន្លែង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅមិនទាន់ផ្អាកសកម្មភាពនៅឡើយទេ។
បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅតំបន់កើតហេតុខាងលើបានឱ្យដឹងថា នាវេលាម៉ោងជាង៧ព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០២០នេះ មានផ្សែងហុយចេញពីរោងចក្រផលិតឥដ្ឋ ចុះអ័ព្ទបានគ្រប់ដណ្ដប់លើលំនៅឋានរបស់ពួកគាត់ ក្នុងភូមិវាលមាស ភូមិវាលធំ ឃុំវាលរេញ និងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពាក់ព័ន្ធនឹងបញ្ហានេះ ពួកគាត់មានការព្រួយបារម្ភពីផលប៉ះពាល់ដល់បរិស្ថាន និងសុខភាព ដូច្នេះប្រជាពលរដ្ឋ បានស្នើដល់អាជ្ញាធរ ជួយចាត់វិធានការលើបញ្ហានេះ។
កន្លងមកនេះ អាជ្ញាធរជំនាញផ្នែកបរិស្ថាន បានចុះធ្វើការអប់រំណែនាំដល់ម្ចាស់រោងចក្រ ម្ដងរួចមកហើយ ប៉ុន្តែបញ្ហានេះនៅតែកើតមានឡើងដដែល៕ ត្នោត