ខេត្តស្វាយរៀង៖ ប្តីប្រពន្ធក្នុងគ្រួសារមួយ មិនដឹងហេតុអ្វីនៅសុខៗ ទៅកាប់ផ្លូវស្ទូងស្រូវ ធ្វើឲ្យអ្នកស្រុកភូមិ ខ្លះខឹងសម្បារ ខ្លះទៀតហួសចិត្តថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល និងចែករំលែកតៗគ្នា នៅថ្ងៃទី១៥ ខែកក្កដានេះ។ ផ្លូវលំមួយខ្សែដែលត្រូវម្ចាស់ស្រែកាប់ដីស្ទូងស្រូវនេះ ស្ថិតក្នុងភូមិតាហង្ស ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានដឹកនាំក្រុមការងារ ចុះដោះស្រាយករណីបុរសជាម្ចាស់ស្រែម្នាក់ កាប់ដីផ្លូវលំស្ទូងស្រូវ ធ្វើឱ្យផ្លូវរួមតូច ធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើតាមផ្លូវលំមួយខ្សែនោះពិបាក។ ក្រោយពីលោកអភិបាលស្រុកចុះអប់រំនិងដោះស្រាយរួចមក បុរសជាម្ចាស់ស្រែដែលកាប់ដីផ្លូវលំធ្វើស្រែនោះ រួមនិងប្រពន្ធ ក៏បានយល់ព្រមលើកដីចាក់បំពេញធ្វើផ្លូវឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាធម្មតា។
លោក អភិបាលស្រុកបានឲ្យដឹងថា ម្ចាស់ស្រែដែលកាប់ផ្លូវលំស្ទូងស្រូវខាងលើនោះ ឈ្មោះពៅ សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ ជាកសិករ រស់នៅភូមិតាហង្ស ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
ផ្លូវលំមួយខ្សែនេះដែរ បានបម្រើប្រយោជន៍ភូមិ ឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ព្រមទាំងដឹកជញ្ជួនកសិផល ឬទៅបុណ្យទាន និងសម្រាប់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀនជាដើម៕ ត្នោត