ក្តៅស្លឹកត្រចៀក! ពេជ្រ សិរីរ័ត្ន ទ្រាំលែងបានព្រលះស្ត្រីមួយរូបរឿងបរិហារកេរ្តិ៍ឈ្មោះនាង
រាជធានីភ្នំពេញ ៖ អ្នកនាង ពេជ្រ សិរីរ័ត្ន ពិធីការិនីដែលមួយរយៈពេលចុងក្រោយនេះកាន់តែលេងខ្លួនឆើតឆាយ និងមានរូបសម្រស់ស្រស់សោភា ហាក់ក្តៅស្លឹកត្រចៀកខ្លាំងរហូតទប់លែងជាប់បានផ្ញើសារទៅកាន់ស្ត្រីមួយរូបឲ្យបញ្ឈប់បរិហារកេរ្តិ៍ឈ្មោះរបស់នាង មិនអ៊ីចឹងនាងនឹងលាតត្រដាងការពិត ដែលស្ត្រីរូបនេះបានជំពាក់លុយគេមិនព្រមសង ។
តាមរយៈសំណេររបស់អ្នកម្តាយកូន២ ដែលមិនធ្លាប់បានបង្ហាញមុខស្វាមីសោះនោះ អ្នកនាង ពេជ្រ សិរីរ័ត្ន បានបង្ហោះរូបភាពនៃកាបូបដៃ និងស្បែកជើង និងសារលើបណ្តាញសង្គម នារាត្រីថ្ងៃទី ៩ ខែកញ្ញា ហើយសំណេររបស់នាងអាចឲ្យអ្នកគាំទ្របានដឹងថាស្ត្រីរូបនោះមិនមែនជាអ្នករស់នៅស្រុកខ្មែរឡើយ តែយ៉ាងណាមិញ ពិធីការិនីដែលនិយមសម្ញែងដើមទ្រូងរូបនេះ មិនបានបញ្ចេញអត្តសញ្ញាណស្ត្រីរូបនោះឡើយ ។
អ្នកនាង ពេជ្រ សិរីរ័ត្ន ដែលបង្ហោះសារលក្ខណៈព្រមានទៅស្ត្រីរូបនោះមានខ្លឹមសារទាំងស្រុងថា «មួយរយៈនេះខ្ញុំលឺអ្នកសិល្បៈទាំងប្រុសទាំងស្រីទាំងខ្ទើយ ទៅសម្តែងនៅក្រៅប្រទេស ត្រលប់មកវិញប្រាប់ខ្ញុំច្រើនគ្នាថា នាងមេ ស • ផ និយាយបរិហាកេរ្តិ៍ឈ្មោះខ្ញុំក្នុងន័យបន្លើសបន្ទាបបន្ថោក ខ្ញុំសូមប្រាប់នាងឯងជាលើកចុងក្រោយថា ឈប់ដើរនិយាយបង្ខូចខ្ញុំ ឈប់ដើរ ថាខ្ញុំសុំអង្វរ ទៅស្នាក់នៅផ្ទះនាងអោយលុយចាយសុទ្ធតែម៉ឺនដុល្លារ ខុសការពិតនោះ ខ្ញុំលែងទុកមុខអោយនាងហើយ តើនាងចង់អោយខ្ញុំបង្ហាញរូបនាងដែលគេចុះទស្សនាវដ្តី ជំពាក់ថ្លៃកាបូបគេមិនសង គ្រានោះទេ ?នាងចាំទេ ? ហើយអ្នកនៅស្រុកខ្មែរផ្តាំ អោយយកលុយមកសងគេផង គេនឹកគេចាំទទួលនៅព្រលាន ជាមួយកំរងផ្កា លេខ ( 8 ) #វគ្គទី១ ។ បើមិនប៉ះខ្ញុំ ខ្ញុំក៏មិនប៉ះនាង បើចង់តខ្ញុំកំដរ » ។
ជុំវិញសារខាងលើនេះ ក៏មានអ្នកគាំទ្រ និងមិត្តភក្តិរបស់ពិធីការិនីរូបនេះ សួរនាំចង់ដឹងអត្តសញ្ញាណពិតប្រាកដរបស់ស្ត្រីដែលនាងបានសរសេរឈ្មោះកាត់ថា ស • ផ នោះខ្លាំងណាស់ តែអ្នកនាង ពេជ្រ សិរីរ័ត្ន មិនទាន់បានឆ្លើយតបឲ្យដឹងនោះទេ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព