សហរដ្ឋអាមេរិក ៖ លោក JOE BIDEN បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនាថ្ងៃទី៣ វិច្ឆិកា កាលពីថ្ងៃទី៩ កញ្ញា បានចោទប្រកាន់គូប្រជែង លោកដូណាល់ ត្រាំ ថា បានកុហកនិងក្បត់ពលរដ្ឋអាមេរិកចំពោះការឆ្លងរាលដាលនៃវីរុសCOVID-19 ដែលបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតកើនដល់ជាង១៩០.០០០នាក់ហើយនៅសហរដ្ឋអាមេរិក។
យោងតាមបទសម្ភាសន៍របស់លោកត្រាំជាមួយលោក BOB WOODWARD កាលពីខែកុម្ភៈ ក្នុងក្របខណ្ឌនៃសៀវភៅមួយរៀបរៀងដោយអ្នកកាសែតដ៏ល្បីរូបនោះ ប្រធានាធិបតីអាមេរិកបានទទួលស្គាល់រួចហើយ នាសម័យកាលនោះ ពីទំហំខ្ពស់នៃការឆ្លង និងការបាត់បង់ជីវិតតែលោកបាននិយាយសម្រាលពីគ្រោះថ្នាក់ ដើម្បីចៀសវាងបង្កើតការជ្រួលច្របល់ ។
លោក BIDEN ក្នុងពេលទៅកាន់រដ្ឋមីជីហ្គេនជារដ្ឋគន្លឹះមួយសម្រាប់ការបោះឆ្នោតនាពេលខាងមុខបានបញ្ចេញប្រតិកម្មថា លោកត្រាំបាននិយាយសម្រាលរឿងនានាក្នុងគោលបំណងអាក្រក់ លោកកុហកប្រជាជនអាមេរិក ។ លោកថា ខណៈជំងឹនោះជាជំងឺសម្លាប់មនុស្សដោយងាយឆ្លងរាលដាលខ្លាំងក្នុងប្រទេសយើង លោកត្រាំពុំបានធ្វើការរបស់លោកឡើយ ។ នោះជាការបោះបង់ចោលបណ្ដាកាត្វកិច្ចរបស់ខ្លួនដែលជារឿងអាម៉ាស់មួយ ។
ពេលសួរពីរឿងនោះកាលពីថ្ងៃទី៩ កញ្ញា អ្នកនាំពាក្យសេតវិមានលោកស្រី KAYLEIGH MCENAMY ថ្លែងថា លោកត្រាំពុំដែលនិយាយសម្រាលពីវីរុសឡើយ ។ ចំណែកលោកត្រាំផ្ទាល់បានការពារខ្លួនលោកថា ខ្ញុំសរសើរប្រទេសយើង ហើយខ្ញុំមិនចង់ឲ្យមនុស្សម្នាមានការភ័យខ្លាច ។ យើងបានធ្វើអ្វីៗទាំងអស់តាមបែបបទនានា ។
១សប្ដាហ៍ក្រោយបទសម្ភាសន៍ខាងលើនោះរបស់លោក ប្រធានាធិបតីអាមេរិកថ្លែងក្នុងសន្និ
សីទកាសែតមួយនៅសេតវិមានថា ចំនួនអ្នកឆ្លងវីរុសនៅសហរដ្ឋអាមេរិកនឹងធ្លាក់ចុះវិញរហូតដល់សូន្យក្នុងប៉ុន្មានថ្ងៃខាងមុខ ។
លោកត្រាំពេលវីរុសនោះកំពុងឆ្លងរាលដាលខ្លាំងនៅតែជាអ្នកស្អប់ម៉ាសពុំព្រមពាក់ម៉ាស់ ទើបសុខចិត្តពាក់ក្រោយពីមានមនុស្សជំនិតនានារបស់លោកឆ្លង ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព