ការអនុគ្រោះនៃពន្ធប្រថាប់ត្រាការផ្ទេរកម្មសិទ្ធ និងកម្មសិទ្ធនៃការកាន់កាប់អចលនទ្រព្យនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ
រាជធានីភ្នំពេញ ៖ នៅក្នុងការគាំពារសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានកំពុងបន្តការអនុគ្រោះក៏ដូចជា ការលើកទឹកចិត្តបន្ថែមលើការបង់ពន្ធប្រថាប់មួយចំនួនជូនប្រជាពលរដ្ឋ ។ នេះជាការលើកឡើងរបស់មន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារនៅ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០នេះ ។
យោងតាមប្រសាសន៍របស់លោក ង៉ែត ឆៃលាង អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានបន្តការអនុគ្រោះទៅលើពន្ធប្រថាប់ត្រា ដែលមានដូចជា ទៅលើការផ្ទេរកម្មសិទ្ធ និងកម្មសិទ្ធនៃការកាន់កាប់អចលនទ្រព្យ ។លោក ង៉ែត ឆៃលាង បានមានប្រសាសន៍បញ្ជាក់ថា «នៅក្នុងបទប្បញ្ញត្តិមានការលើកលែង និងការអនុគ្រោះដល់ការបង់ពន្ធមួយតំណរការទទួលបានសិទ្ធកាន់កាប់ដីសម្បទានសេដ្ឋកិច្ចដែលបានពីរដ្ឋ និងដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានផ្តល់ឱ្យប្រជាពលរដ្ឋខ្សត់ខ្សោយ ទាំងនេះមិនត្រូវបានបង់ពន្ធប្រថាប់ត្រានោះទេ» ។ លោកបានបន្តថា មួយវិញទៀត គឺនិយាយអំពីការការលើកលែងលើការផ្ទេរអចលនទ្រព្យរវាងញាតិ ឬគេហៅថាលំហូរមរតកពីសាច់ញាតិ ដែលមានដូចជា ឪពុកម្តាយបង្កើត និងកូនបង្កើត ប្តីប្រពន្ធ ជីដូនជីតាផ្ទេរទៅឱ្យចៅបង្កើត បងប្អូនបង្កើត ឪពុកម្តាយក្មេកទាំងអស់នឹង ក៏ទទួលបានការលើកលែងពន្ធប្រថាប់ត្រានេះដែរ ។
បន្ទាប់មកទៀត ថ្មីៗនេះមានការអនុគ្រោះ ទៅលើលំនៅដ្ឋានគ្រប់ប្រភេទ ដែលមានតំលៃ ៧ ម៉ឺនដុល្លារអាមេរិក ចុះក្រោម ប៉ុន្តែត្រូវមានលក្ខខណ្ឌដូចជា ការទិញក្រោម ៧ ម៉ឺនដុល្លារអាមេរិកចុះ ដែលអ្នកទិញនោះគឺទិញពីអ្នកអភិវឌ្ឍន៍តំបន់ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មានចុះបញ្ជីពន្ធដារត្រឹមត្រូវ នឹងអនុគ្រោះទៅដល់ខែ មករា ឆ្នាំ ២០២១។
ក្នុងនោះក៏មានការពន្យារពេលនៃការអនុគ្រោះ ម្តងហើយម្តងទៀត សម្រាប់អចលនទ្រព្យដែលមានប្រវត្តិផ្ទេរច្រើនដង មុនឆ្នាំ ២០១៧ មានន័យថា ត្រឹមឆ្នាំ ២០១៦ចុះក្រោម ទោះជាអចលនទ្រព្យនោះ ជាប្រភេទ ប្លង់ទន់ ដែលគេហៅថាការផ្ទេរសិទ្ធត្រឹមតែ មានលិខិតផ្ទេរសិទ្ធ ជាមួយត្រឹមថ្នាក់មូលដ្ឋាន គឺអាជ្ញាធរ ឃុំសង្កាត់ ដែលមិនបានចូលក្នុងប្រព័ន្ធពន្ធដារ គឺមិនបានបង់ពន្ធប្រថាប់ត្រា ដែលផ្ទេរច្រើនដងនឹង ក៏ការអនុគ្រោះនោះយកតែម្តងនេះដែរ អ៊ីចឹងត្រូវយកមកចុះបញ្ជីដើម្បីឱ្យទទួលបានប័ណកម្មសិទ្ធដែលត្រូវដក ៦០០លានរៀលអីនឹង គឺមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ យើងនេះបានចប់។
ហើយករណីដែលអចលនទ្រព្យដែលមានប្លង់ត្រឹមត្រូវហើយ បានបំបែកលក់ ដូចជាបុរី ដែលគេទិញដីធំហើយមកបំបែកលក់តូចៗទៅឱ្យប្រជាជន ហើយប្រជាជនទិញតៗច្រើន ក៏នៅតែរក្សាការអនុគ្រោះ ឱ្យបង់ពន្ធតែម្តងដូចគ្នាដែរ ដែលសុពលភាពមានត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ដែរ។ សម្រាប់ការទិញមកច្រើនតំណមកនោះ ក៏ខាងរាជរដ្ឋាភិបាលបានដោះស្រាយឱ្យដែរ ដោយឱ្យអ្នកកាន់កាប់ចុងក្រោយនេះ គាត់ធ្វើការបង់តែម្តងនេះទេ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព