ភ្នំពេញ៖ ការលើកទឹកចិត្តដល់អ្នកចង់បើកក្រុមហ៊ុនដំបូង អ្នកជំនាញម្នាក់បានប្រាប់ថា មិនចាំបាច់ចាប់ផ្តើមធំពេកទេ មានត្រឹម ៥០០០ ដុល្លារអាមេរិកបានហើយ សំខាន់នោះថា តើយើងចេះគ្រប់គ្រង និងមានការទុកដាក់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងត្រូវមានហិរញ្ញវត្ថុត្រៀមនៅពេលក្រុមហ៊ុនមានបញ្ហា ។
កញ្ញា លីម ហ៊ូង អគ្គនាយិកា ក្រុមហ៊ុន ហ្វឺស សឹលូសិន (ខេមបូឌា) មានស្រុកកំណើតនៅទីក្រុងភ្នំពេញ បានចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួនមួយ តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដោយកញ្ញាបានចាប់ផ្តើមជាមួយថវិកាត្រឹម ៥០០០ ដុល្លារអាមេរិក និងមានបុគ្គលិកតែពីរនាក់ប៉ុណ្ណោះ ។
កញ្ញា លីម ហ៊ូង បានប្រាប់ថា «ថវិកាដែលបើកក្រុមហ៊ុននោះ គឺសម្រាប់ចុះបញ្ជីជាមួយក្រសួងជួលកន្លែង និងជួលបុគ្គលិក ។ ដូចនេះបើមានគោលការណ៍ និងគោលដៅទៅថ្ងៃអនាគតច្បាស់លាស់ហើយ គឺអាចបើបានហើយ ព្រោះវាជាប្រភេទ ក្រុមហ៊ុនផ្តល់សេវាកម្ម ដែលប្រើប្រាស់នូវចំណេះដឹង និងអប់រំ» ។
ក្នុងការបើកក្រុមហ៊ុននេះ តាំងពីការចាប់ផ្តើមកញ្ញាបានគិតគូរនូវពេលអនាគតជានិច្ច ដោយមានបំណងក្នុងការដំណើរការយូរអង្វែង ហើយក្នុងអំឡុងពេលប្រទេសមានវិបត្តិជំងឺកូវីដ១៩ ក្រុមហ៊ុនរបស់កញ្ញាមិនជាសូវជួបវិបត្តិប៉ុន្មានទេ ក៏ព្រោះតែកញ្ញាតែងតែត្រៀមនូវហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ទ្រទ្រង់នៅពេលមានវិបត្តិអ្វីមួយកើតឡើង ។
កញ្ញា លីម ហ៊ូង បានបន្តថា «ដូចនេះ ខ្ញុំបានតាំងចិត្តថា បើបើកហើយមិនឱ្យរលំទេ ដូចនេះខ្ញុំត្រូវត្រៀមនូវថវិកាផ្សេងមួយសម្រាប់ជាទុនពេលក្រុមហ៊ុនមានបញ្ហា ។ ព្រោះខ្ញុំជឿជាក់ថា ការដំណើរការដំបូងប្រាកដជាអាចជួបនូវឧបសគ្គផ្សេងដូចនេះបានជាខ្ញុំត្រូវត្រៀម» ។
ក្រុមហ៊ុន ហ្វឺស សឹលូសិន (ខេមបូឌា) គឹជាក្រុមហ៊ុនកណ្តាលដែលជួយរកការងារដល់អ្នកកំពុងរកការងារធ្វើ ដើម្បីជួយពួកគាត់បានចូលបំរើការក្នុងក្រុមហ៊ុននានាដែលក្នុងនោះក្រុមហ៊ុនមួយនេះ មានសហប្រតិបត្តិការណ៍ក្រៅស្រុក និងក្នុងស្រុក និងក្រុមហ៊ុនជាង ១០០ ក្នុងស្រុកដែលតែងតែជឿជាក់លើក្រុមហ៊ុនកញ្ញា ក្នុងការជ្រើរើសបុគ្គលិកទាំង ក្រៅម៉ោង និងពេញម៉ោង៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព